សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យ California state University, Fullerton (CSUF)របស់អាម៉េរិក ដែលបង្កើតឱកាសពិសេសចំនួន ៤ ធំៗ!


ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យ CSUF ដឹកនាំដោយលោកបណ្ឌិត Ronald S. Rochon សាកលវិទ្យាធិការនៃ CSUF ដែលមានការសម្របសម្រួលដោយលោក Benjamin Chiang អនុប្រធានស្ដីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និងសាកលវិទ្យាល័យ California State University, Fullerton (CSUF) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធ។

ក្នុងឱកាសនេះ លោកបណ្ឌិតសាកលវិទ្យាធិការ Ronald S. Rochon បានគូសបញ្ជាក់ថា ភាពជាដៃគូនេះ ត្រូវបានកសាងឡើងនៅលើមូលដ្ឋាននៃការរួមចំណែកគ្នាទៅវិញទៅមក និងជាកិច្ចសហការស្មើភាពគ្នា ដែលស្ថាប័នទាំងពីរ នឹងស្វែងយល់ពីភាពខ្លាំង បរិបទ និងអាទិភាពរបស់គ្នាទៅវិញទៅមក ព្រមទាំងប្ដេជ្ញាចិត្តបំប្លែងអនុស្សរណៈនេះឱ្យទៅជាសកម្មភាពជាក់ស្ដែង តាមរយៈការបង្កើតឱកាសសិក្សាដ៏មានអត្ថន័យសម្រាប់និស្សិត ការពង្រឹងកិច្ចសហការរវាងសាស្ត្រាចារ្យ និងការកសាងចំណងមិត្តភាពដ៏យូរអង្វែងរវាងស្ថាប័នទាំងពីរ ក៏ដូចជារវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកបណ្ឌិត Ronald S. Rochon និងគណៈប្រតិភូ CSUF មកកាន់កម្ពុជា ដោយបានចាត់ទុកកិច្ចសហប្រតិបត្តិការនេះថាជាគំរូដ៏ល្អនៃការបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហការកម្ពុជា-សហរដ្ឋអាមេរិកលើវិស័យឧត្តមសិក្សាប្រកបដោយសក្ដានុពល និងចីរភាព។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យឧត្តមសិក្សាបានរួមចំណែកយ៉ាងសំខាន់ក្នុងការបើកផ្លូវទទួលបានចំណេះដឹង ការពង្រឹងទំនាក់ទំនង និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ដោយសហរដ្ឋអាមេរិកមានប្រព័ន្ធអប់រំកម្រិតស្ដង់ដាខ្ពស់មួយលើពិភពលោក ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះក្លាយជាកិច្ចសហការដ៏មានតម្លៃ។

ជាមួយគ្នានេះ តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និងសាកលវិទ្យាល័យ CSUF នៃសហរដ្ឋអាមេរិក ក្នុងការរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការអប់រំអន្តរជាតិ ដោយជឿជាក់ថា ភាពជាដៃគូដ៏មានអត្ថន័យរវាងស្ថាប័នទាំងពីរ តាមរយៈកម្មវិធីផ្លាស់ប្ដូរ និងការរៀនសូត្ររួមគ្នា នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការលើកកម្ពស់គុណភាពឧត្តមសិក្សា ជាពិសេសចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

សូមជម្រាបថា គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និងសាកលវិទ្យាល័យ CSUF គឺដើម្បីបង្កើតគ្រឹះរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការសិក្សាអប់រំនាពេលអនាគត ព្រមទាំងលើកកម្ពស់ការយល់ដឹងពីគ្នា និងមិត្តភាពរវាងប្រជាជនកម្ពុជា និងអាមេរិក ក្នុងគោលដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំងពីរ។ ភាពជាដៃគូប្រកបដោយចីរភាពនេះ ផ្ដោតលើ៖ ការផ្លាស់ប្ដូរបទពិសោធរវាងសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិត ការរៀបចំការស្រាវជ្រាវរួមគ្នា ការធ្វើបាឋកថា បទបង្ហាញ និងសិក្ខាសាលា ការចែករំលែកធនធានសិក្សាដើម្បីបង្កើតឱកាសអប់រំ និងការបណ្ដុះបណ្ដាលដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក៕

ប្រភព៖ MoEYS