លោក Donald Trump រិះគន់កិច្ចព្រមព្រៀងថាមពលបៃតងរវាងអង់គ្លេស និងរដ្ឋ California ថាជាការរំលោភលើតួនាទីរដ្ឋាភិបាលសហព័ន្ធ
ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ចេញការរិះគន់យ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងសហប្រតិបត្តិការថាមពលបៃតងរវាងរដ្ឋាភិបាលចក្រភពអង់គ្លេស និងអភិបាលរដ្ឋ California លោក Gavin Newsom ដែលជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យនាពេលអនាគត។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Politico លោក Trump បានអះអាងថា ការដែលចក្រភពអង់គ្លេសចូលរួមចរចាជាមួយអភិបាលរដ្ឋមួយ មិនមែនជារដ្ឋាភិបាលសហព័ន្ធ គឺជា “អំពើមិនសមរម្យ”។ លោកបាននិយាយថា ចក្រភពអង់គ្លេស “មានបញ្ហាគ្រប់គ្រាន់រួចទៅហើយ ដោយមិនចាំបាច់ចូលពាក់ព័ន្ធជាមួយលោក Gavin Newsom” និងបានរិះគន់យ៉ាងខ្លាំងចំពោះការគ្រប់គ្រងបរិស្ថាន និងគោលនយោបាយរដ្ឋ California របស់លោក Newsom។
ការរិះគន់នេះកើតឡើងបន្ទាប់ពីលោក Newsom បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅទីក្រុងឡុងដ៍ ជាមួយរដ្ឋមន្ត្រីថាមពលចក្រភពអង់គ្លេស លោក Ed Miliband ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការថាមពលស្អាត រួមទាំងការអភិវឌ្ឍបច្ចេកវិទ្យាថាមពលកាបូនទាប ការការពារជីវៈចម្រុះ និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
យោងតាមសេចក្តីប្រកាសផ្លូវការ កិច្ចព្រមព្រៀងនេះមានគោលបំណងបង្កើតក្របខណ្ឌថ្មីសម្រាប់ការចែករំលែកជំនាញបច្ចេកទេស ការជំរុញវិនិយោគ និងការតភ្ជាប់អាជីវកម្ម និងអ្នកស្រាវជ្រាវរវាងចក្រភពអង់គ្លេស និងរដ្ឋ California ដែលត្រូវបានគេចាត់ទុកថាជាសេដ្ឋកិច្ចធំជាងគេទីបួននៅលើពិភពលោក ប្រសិនបើគិតជារដ្ឋឯករាជ្យមួយ។
លោក Miliband បានបញ្ជាក់ថា “ភាពជាដៃគូអន្តរជាតិដ៏រឹងមាំ ដូចជាកិច្ចព្រមព្រៀងជាមួយរដ្ឋ California នេះ នឹងបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់អាជីវកម្មអង់គ្លេស និងទាក់ទាញការវិនិយោគថ្មីៗចូលមកប្រទេស”។
អ្នកវិភាគនយោបាយមើលឃើញថា ការប៉ះទង្គិចពាក្យសម្តីរវាងលោក Trump និងលោក Newsom ស្តីពីបញ្ហាអាកាសធាតុ ថាមពល និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ នឹងបន្តក្លាយជាចំណុចក្តៅមួយក្នុងវេទិកានយោបាយអាមេរិក និងអន្តរជាតិ ក្នុងបរិបទការបោះឆ្នោតនាពេលខាងមុខ។
ប្រភព៖ The Guardian















