អ្នកដំណើរបរទេស ២នាក់ ត្រូវចាប់ខ្លួននៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងទីក្រុងបាងកក ក្រោយរកឃើញលុយសុទ្ធជាង ១,៦៦លានដុល្លារ លាក់ក្នុងវ៉ាលី
បាងកក៖ មន្ត្រីគយថៃបានឃាត់ខ្លួនអ្នកដំណើរបរទេស ២នាក់ នៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងទីក្រុងបាងកក បន្ទាប់ពីរកឃើញប្រាក់ជាង ៥៦លានបាត ឬប្រមាណ ១,៦៦លានដុល្លារអាម៉េរិក លាក់នៅក្នុងវ៉ាលីរបស់ពួកគេ។

យោងតាមសារព័ត៌មានថៃកាលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា លោកស្រី Santanee Phairattanakorn ប្រធានការិយាល័យគ្រប់គ្រងអ្នកដំណើរនៃគយអាកាសយានដ្ឋានសុវណ្ណភូមិ បានប្រាប់ថា អ្នកដំណើរទាំង២នាក់បានធ្វើដំណើរមកពីទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៣០ ខែកញ្ញា។ ទន្ទឹមនេះ អាជ្ញាធរថៃមិនបានបង្ហាញអត្តសញ្ញាណ និងសញ្ជាតិរបស់អ្នកដំណើរទាំង២នាក់នោះទេ។
មន្ត្រីគយរូបនេះ បានចោទប្រកាន់ថា ពួកគេមិនបានអនុវត្តតាមបទប្បញ្ញត្តិរបស់ក្រសួងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងការប្តូរប្រាក់ និងការនាំចូល ឬនាំចេញរូបិយប័ណ្ណ និងឧបករណ៍ហិរញ្ញវត្ថុចរចាបាន ដោយយោងតាមច្បាប់គ្រប់គ្រងការប្តូរប្រាក់ និងច្បាប់គយរបស់ប្រទេសថៃឡើយ។ តាមបទប្បញ្ញត្តិរបស់ថៃ អ្នកដំណើរអាចនាំយករូបិយប័ណ្ណចូលប្រទេសបានក្នុងចំនួនណាក៏បាន ប៉ុន្តែត្រូវប្រកាសជូនអាជ្ញាធរ ប្រសិនបើមានរូបិយប័ណ្ណបរទេសមានតម្លៃលើសពី ១៥,០០០ដុល្លារអាម៉េរិក។
ការឃាត់ខ្លួននេះ កើតឡើងបន្ទាប់ពីឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Ekniti Nitithanprapas បានបញ្ជាឱ្យមន្ត្រីគយរឹតបន្តឹងការត្រួតពិនិត្យរូបិយប័ណ្ណថៃ រូបិយប័ណ្ណបរទេស និងឧបករណ៍ហិរញ្ញវត្ថុចរចាបាន ដែលត្រូវបាននាំចូល ឬនាំចេញពីប្រទេស។ វិធានការនេះ មានគោលបំណងទប់ស្កាត់ការរត់ពន្ធសាច់ប្រាក់ឆ្លងដែន និងហានិភ័យពាក់ព័ន្ធនឹងការលាងលុយកខ្វក់អន្តរជាតិ។ អគ្គនាយកដ្ឋានគយថៃក៏បានណែនាំឱ្យមន្ត្រីបង្កើនការត្រួតពិនិត្យ ជាពិសេសចំពោះអ្នកដំណើរតាមផ្លូវអាកាសដែលអាចលាក់សាច់ប្រាក់ក្នុងឥវ៉ាន់។
ដោយឡែក មន្ត្រីគយរូបនេះបានបញ្ជាក់ថា ការឃ្លាំមើល និងការត្រួតពិនិត្យអ្នកដំណើរដែលមានហានិភ័យខ្ពស់ នឹងបន្តអនុវត្ត ដើម្បីទប់ស្កាត់ការនាំចេញ-នាំចូលរូបិយប័ណ្ណខុសច្បាប់ឆ្លងកាត់ព្រំដែន។ អាជ្ញាធរថៃក៏បានអំពាវនាវឱ្យអ្នកដែលកាន់ប្រាក់បាត រូបិយប័ណ្ណបរទេស ឬឧបករណ៍ហិរញ្ញវត្ថុចូល ឬចេញពីប្រទេស អនុវត្តតាមបទប្បញ្ញត្តិរបស់ថៃឱ្យបានពេញលេញ។
ប្រភព៖ VN Express
















