សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ “ការដឹងគុណ”ចំពោះអតីតយុទ្ធជន និងនិវត្តជន មិនមែនគ្រាន់តែជាកិច្ចការមនុស្សធម៌នោះឡើយ ប៉ុន្តែជាកត្តញ្ញុតាធម៌ជាតិដែលអ្នកជំនាន់ក្រោយត្រូវតបស្នងចំពោះវីរជនគ្រប់រូប
ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ាន (VECONAC) លើកទី២៥ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា “ការដឹងគុណ ការមើលថែរ ការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន មិនមែនគ្រាន់តែកិច្ចការមនុស្សធម៌នោះឡើយ តែគឺជាកាតព្វកិច្ចសីលធម៌ ជាកត្តញ្ញុតាធម៌ជាតិដែលអ្នកជំនាន់ក្រោយត្រូវតបស្នងចំពោះវីរជន និងរៀមច្បងគ្រប់រូប”។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតីបានមានប្រសាសន៍ថា ការធ្វើជាប្រធានប្ដូរវេននៃសហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ាន (VECONAC) ក្នុងឆ្នាំ២០២៦នេះ គឺជាមហាកិត្តិយសយ៉ាងខ្ពង់ខ្ពស់សម្រាប់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ការណ៍នេះជាចំណុចដ៏សំខាន់ដែលកម្ពុជាទើបតែបើកទំព័រថ្មីមួយនៃប្រវត្តិសាស្ត្រប្រកបដោយមោទនភាព តាមរយៈការកែទម្រង់រចនាសម្ព័ន្ធ ដែលបានពង្រីកការគ្របដណ្ដប់សមាគមអតីតយុទ្ធជន ដោយរួមបញ្ចូលទាំងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល ឱ្យស្ថិតក្រោមដំបូលតែមួយ។
ទន្ទឹមនេះ សម្ដេចបានបញ្ចាក់ថា កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ VECONAC លើកទី៣២ និងមហាសន្និបាត VECONAC លើកទី១៩ កាលពីឆ្នាំ២០១៩ ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ព្រមទាំងបានលើកកម្ពស់ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសម្រាប់សហព័ន្ធរបស់កម្ពុជា។ សម្ដេចបានបន្ថែមថា ការជួបជុំសារជាថ្មីនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជាសក្ខីភាពដែលបញ្ជាក់ពីនិរន្តរភាព ស្មារតីសាមគ្គីភាព និងការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជននៅក្នុងតំបន់។
ជាងនេះទៅទៀត សម្ដេចមហាបវរធិបតីបានសង្កត់ធ្ងន់ថា VECONAC មិនមែនត្រឹមតែជាកម្លាំងមនុស្សធម៌ដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិត សុខុមាលភាព និងការគាំពារសង្គមជូនអតីតយុទ្ធជន និងនិវត្តជនពិការដោយសារសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការតំបន់ដ៏មានឥទ្ធិពលមួយ ក្នុងការចូលរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។















