សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ច្បាប់កាតព្វកិច្ចយោធាដែលចាប់ផ្ដើមអនុវត្តកាលពីម្សិលមិញ (១ តុលា) មានយុវជនដាក់ពាក្យជិត ៣ពាន់ នាក់!
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់ “សញ្ញាបត្រ” ជូននិស្សិតជ័យលាភី ចំនួនជាង២ពាន់អង្គ/នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថា ច្បាប់កាតព្វកិច្ចយោធាដែលចាប់ផ្ដើមអនុវត្តកាលពីម្សិលមិញ (១ តុលា ឆ្នាំ២០២៦) មានយុវជនដាក់ពាក្យជិត ៣ពាន់ នាក់។






ជាមួយគ្នានេះ សម្ដេចបានបន្ថែមថា នេះជាជំហានសាកល្បងលើកទី១ នៃការរៀបរំកាតព្វកិច្ចយោធា ចំណែកការស័គ្មចិត្តនឹងទទួលពាក្យនៅថ្ងៃទី១០ ខែតុលា ខាងមុខបន្តទៀត ដូច្នេះតាមជំហាននីមួយៗ ក្រសួងការពារជាតិ នឹងធ្វើសេចក្ដីសម្រេចផ្អែកលើតម្រូវការជាក់ស្ដែងរបស់កងទ័ព។ សម្ដេចបានលើកឡើងថា “ឆ្នាំនេះគឺជាឆ្នាំទី១ ដែលជាឆ្នាំប្រវត្តិសាស្រ្តរបស់កម្ពុជា នៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា”។
បន្ថែមលើនេះ សម្តេចធិបតីបានលើកឡើងថា ការចូលកាតព្វកិច្ចយោធា គឺជាការកសាងធនធានមនុស្ស មិនខុសពីវិស័យអប់រំ ក្រសួងការងារ ឬវិស័យផ្សេងៗនោះទេ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា “ការចូលកាតព្វកិច្ចយោធា មិនខុសពីការចូលសាលារៀននោះទេ ព្រោះត្រូវទទួលការហ្វឹកហ្វឺន កំណត់វិន័យ និងត្រូវមានការទទួលខុសត្រូវខ្ពស់ ក្នុងភាពជាអ្នកដឹកនាំខ្លួនឯង ទាំងឥរិយាបថជាដើម។















