|

រដ្ឋសភាកម្ពុជា សហការជាមួយសមាគមគ្រូពេទ្យទឹកនោមផ្អែម ត្រៀមរៀបចំយុទ្ធនាការបង្កើនការយល់ដឹងពី «ជំងឺទឹកនោមផ្អែម» ផ្តោតលើកម្មករ-កម្មការិនី


វិមានរដ្ឋសភា៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមសាស្ត្រាចារ្យជំនួយ ស៊ុ សត្ថា ប្រធានសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញនៅកម្ពុជា (CADET) ដើម្បីគ្រោងនឹងរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងអប់រំសុខភាពស្តីពី «ជំងឺទឹកនោមផ្អែម» យ៉ាងទូលំទូលាយជូនសាធារណជន ជាពិសេសកម្មករ កម្មការិនី នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅវិមានរដ្ឋសភា។

ជំនួបនេះ ផ្តោតសំខាន់លើការរៀបចំផែនការសកម្មភាពជាក់ស្តែង សម្រាប់រៀបចំសិក្ខាសាលាអប់រំផ្សព្វផ្សាយ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីវិធីសាស្ត្របង្ការ ការថែទាំសុខភាព ការផ្លាស់ប្តូរទម្លាប់រស់នៅ និងការទទួលទានអាហារឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងហានិភ័យនៃជំងឺទឹកនោមផ្អែម ដែលជាជំងឺរ៉ាំរ៉ៃកំពុងគំរាមកំហែងដល់សុខភាពសាធារណៈ និងផលិតភាពការងារ។

ជាមួយគ្នានេះ លោកជំទាវ ឡោក ខេង បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋសភា ចំពោះសុខុមាលភាពរបស់កម្មករ កម្មការិនី ដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លោកជំទាវបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការជាមួយសមាគម CADET និងបានសង្កត់ធ្ងន់ថា ការអប់រំការពារជាមុន ជាវិធានការប្រកបដោយប្រសិទ្ធភាព និងចំណាយតិចបំផុត ក្នុងការកាត់បន្ថយបន្ទុកចំណាយលើការព្យាបាលរបស់កម្មករនិយោជិត និងគ្រួសារ។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យជំនួយ ស៊ុ សត្ថា ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការទី៨ នៃរដ្ឋសភា ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ហើយសមាគម CADET នឹងបន្តកៀរគរអ្នកជំនាញវេជ្ជសាស្ត្រ សម្ភារៈបរិក្ខារ និងបច្ចេកវិទ្យាចាំបាច់នានា ដើម្បីធានាឱ្យយុទ្ធនាការអប់រំ និងសិក្ខាសាលានាពេលខាងមុខនេះ ដំណើរការទៅដោយទទួលបានលទ្ធផលជាផ្លែផ្កា។

ប្រភព៖ National Assembly of Cambodia