គណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ រៀបចំវេទិកាព័ត៌មាន ដើម្បីផ្តល់ព័ត៌មានលម្អិត និងស្រាយចម្ងល់នានាពាក់ព័ន្ធនឹង «ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀងការងារ»
ភ្នំពេញ៖ ដើម្បីផ្សព្វផ្សាយព័ត៌មានលម្អិត ព្រមទាំងសេចក្ដីណែនាំនិងស្រាយចម្ងល់នានារបស់បេក្ខជន និងសាធារណជន ពាក់ព័ន្ធនឹងដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលនឹងចាប់ផ្តើមនាពេលខាងមុខ គណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ បានរៀបចំ «វេទិកាព័ត៌មានសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ (ឆ្នាំសិក្សា ២០២៦-២០២៧)» នៅសាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ។





















វេទិកាព័ត៌មាននេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីវាគ្មិនជាតំណាងក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា រួមមាន ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈ លោកជំទាវបណ្ឌិត យួន វិច្ឆិកា អគ្គនាយកនៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ នៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ញ៉ែម វិច្ឆិកា អនុប្រធានអនុគណៈកម្មការ ទទួលពាក្យ និងទទួលស្គាល់បេក្ខជន នៃក្រសួងមុខងារសាធារណៈ។
ការរៀបចំវេទិកាព័ត៌មាននេះ បានផ្ដល់នូវសារៈសំខាន់សម្រាប់បេក្ខជន ដែលមានបំណងចូលរួមប្រឡងប្រជែង ដើម្បីចូលរួមស្វែងយល់ឱ្យបានច្បាស់អំពីគោលការណ៍ លក្ខខណ្ឌ នីតិវិធីនៃដំណើរការប្រឡង ព្រមទាំងការត្រៀមលក្ខណៈជាបន្តបន្ទាប់ មុនពេលដាក់ពាក្យ និងការត្រៀមខ្លួនក្លាយជាមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់។
គណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ បាននិងកំពុងបើកដំណើរការប្រព័ន្ធចុះឈ្មោះសុំសិទ្ធិប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកកិច្ចព្រមព្រៀងការងារកម្រិតមធ្យមសិក្សា និងកម្រិតបឋមសិក្សា សម្រាប់បេក្ខជន ដែលមានបំណងចង់ចូលរួមប្រលងប្រជែង។ ក្នុងនោះក្រសួងបានបញ្ជាក់ថា សម្រាប់កម្រិតធម្យមសិក្សា នឹងបិទប្រព័ន្ធចុះឈ្មោះត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។ បេក្ខជនមានសិទ្ធិជ្រើសរើសប្រឡង តែមួយកម្រិតប៉ុណ្ណោះ (កម្រិតអនុវិទ្យាល័យ ឬវិទ្យាល័យ) ដោយមិនអាចប្រឡងទាំងពីរក្នុងពេលតែមួយបានឡើយ។ ចំណែកសម្រាប់កម្រិតបឋមសិក្សា ក្រសួងនឹងបិទប្រព័ន្ធចុះឈ្មោះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។
ដោយឡែក ផ្អែកតាមអនុសាសន៍របស់ថ្នាក់ដឹកនាំក្រសួង បានគូសបញ្ជាក់ថា ការតាក់តែងវិញ្ញាសារប្រឡងគ្រប់កម្រិត នឹងធ្វើឡើងជាមួយគ្នានៅថ្ងៃបើកដំណើរការប្រឡងតែម្ដង ដើម្បីធានាឱ្យការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា ២០២៦-២០២៧ ប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព និងបរិយាបន ព្រមទាំងធានាបាននូវប្រសិទ្ធភាពក្នុងការជ្រើសរើសគ្រូបង្រៀនដែលមានសមត្ថភាព គុណវុឌ្ឍិ និងឆន្ទៈពិតប្រាកដក្នុងការបំពេញតួនាទីរបស់ខ្លួន។












