មធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មីសម្រាប់នាំចេញអង្ករដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ


នាព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដ៏សំខាន់នៃ “ការដឹកជញ្ជូនអង្ករ ១០ ០០០ តោន តាមផ្លូវទឹកដោយនាវាដឹកទំនិញរាយ” រវាងក្រុមហ៊ុន City Rice និង Dilai Trading ដើម្បីនាំចេញដោយផ្ទាល់ពីព្រះរាជាណាចក្រកម្ពុជាទៅកាន់សាធារណរដ្ឋហ្វីលីពីន។

ពិធីនេះគឺជាការចាប់ផ្តើមថ្មីមួយសម្រាប់វិស័យអង្ករកម្ពុជា ដោយការដឹកជញ្ជូនតាមរយៈនាវាដឹកទំនិញរាយ នឹងបង្កើនសមត្ថភាពការនាំចេញអង្ករតាមផ្លូវទឹកបន្ថែមទៀតពីលើការដឹកជញ្ជូនតាមនាវាកុងតឺន័រ។ មធ្យោបាយនេះជួយបង្កើនប្រសិទ្ធភាព បង្កើនភាពប្រកួតប្រជែងរបស់អង្ករកម្ពុជាលើទីផ្សារអន្តរជាតិ កាត់បន្ថយចំណាយនិងពេលវេលាដឹកជញ្ជូន និងធានានូវការផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ទៅទីផ្សារហ្វីលីពីនប្រកបដោយស្ថិរភាព។

ការដឹកជញ្ជូននាំចេញអង្ករកម្ពុជាតាមនាវាទំនិញរាយ គឺសម្រេចបានតាមរយៈការផ្ដល់ការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការប្រើប្រាស់កំពង់ផែស្វយ័តព្រះសីហនុ ហើយជោគជ័យនេះ គឺកើតចេញពីការសហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធពីកំពង់ផែស្វយ័តព្រះសីហនុ។

ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅហ្វីលីពីនបានចំនួន ១២២ ១០២ តោន ដែលស្មើនឹងជាង ១៥,៤% នៃបរិមាណនាំចេញអង្ករសរុប ៧៩២ ២១២ តោន។ តាមការបញ្ជាក់របស់សហព័ន្ធអង្ករកម្ពុជា (CRF) អង្ករដែលមានកិច្ចសន្យាទិញរួចហើយសម្រាប់ខែកញ្ញា ដល់ខែធ្នូឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមានបន្ថែមទៀត ៨៧ ៣៤៤ តោន ដែលនឹងធ្វើឱ្យបរិមាណនាំចេញសរុបទៅហ្វីលីពីនក្នុងឆ្នាំ២០២៦ ឈានដល់ប្រមាណ ២០៩ ៤៤៦ តោន។

នេះគឺជាការកើនឡើងដ៏ធំបើប្រៀបធៀបនឹងឆ្នាំមុនៗ ហើយជាកត្តាដ៏ធំមួយដែលរួមចំណែកក្នុងការព្យាករណ៍ឆ្ពោះទៅកាន់ការនាំចេញច្រើនជាង ១ លានតោន នៅឆ្នាំ ២០២៦ នេះដែលជាការបំបែកឯតទគ្គកម្មនាំចេញ៩៤០ ៣២១ តោនកាលពីឆ្នាំ ២០២៥ ។

សមិទ្ធផលនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីន ព្រមទាំងវិស័យឯកជននៃប្រទេសទាំងពីរ ក្នុងការបើកទីផ្សារថ្មីនៅហ្វីលីពីន និងការតភ្ជាប់វិស័យឯកជន ដើម្បីផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមកដោយកម្ពុជាទទួលបានទីផ្សារថ្មី ហើយហ្វីលីពីនទទួលបានប្រភពអង្ករថ្មីដើម្បីចូលរួមធានាសន្តិសុខស្បៀង។

ការសហការយ៉ាងជិតស្និទ្ធរវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន Francisco P.Tiu Laurel Jr. រួមទាំងវិស័យឯកជន និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធផ្សេងទៀត ជាពិសេសការសម្របសម្រួលការរៀបចំវេទិការទំនាក់ទំនងផ្គូរផ្គងវិស័យឯកជន B2B បានរួមចំណែកយ៉ាងសំខាន់ក្នុងលទ្ធផលជាក់ស្តែងនេះ។

កិច្ចសហការរវាងរដ្ឋ និងរដ្ឋ រួមជាមួយវិស័យឯកជន គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការសម្រេចបាននូវការបើកទីផ្សារនាំចេញអង្ករដ៏ធំនេះ ហើយក៏រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរឆ្ពោះទៅរកការបំបែកឯតទគ្គកម្មការនាំចេញជាបន្តបន្ទាប់នៅពេលអនាគត៕