បណ្ណាល័យមរតកក្រមង៉ុយ២ ក្នុងស្រុកបសេដ្ឋ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ បណ្ណាល័យមរតកក្រមង៉ុយ ទាំងពីរទីតាំង ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ អង្គពិធីទាំងមូលមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះថេរានុត្ថេរៈ ឯកឧត្ដម លោកជំទាវ សមាជិកសមាជិការដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សប្បុរសជន បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងក្មួយៗសិស្សានុសិស្ស សរុបអ្នកចូលរួមចំនួន ៩២២នាក់។
ខណៈនេះ អង្គពិធីទាំងមូលកំពុងស្ដាប់យ៉ាងយកចិត្តទុកដាក់នូវរបាយការណ៍វឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តកំពង់ស្ពឺដែលមានការរីកចម្រើនជាបន្តបន្ទាប់ក្នុងបរិបទនៃការរីកលូតលាស់សេដ្ឋកិច្ចខេត្តទាំងមូល និងការរីកលូតលាស់វិស័យសង្គម អប់រំ សាសនា និងការរីកចម្រើននៃសេវាសង្គមនៅគ្រប់មូលដ្ឋានក្នុងខេត្តកំពង់ស្ពឺ ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានខេត្ត និងការងារអភិបាលកិច្ចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។





























