|

សម្ដេច ហ៊ុន សែន«យើងកំពុងប្រយុទ្ធនឹងសមរភូមិម្ខាង តែមិននឹកស្មានថាមន្ត្រីដ៏អាក្រក់របស់យើងមួយចំនួនឆ្លៀតធ្វើសកម្មភាពនៅតំបន់បឹងទន្លេសាបយ៉ាងអនាធិបតេយ្យ»


ដោយ៖ ផាត់ គឹមឆែ

ព្រៃលិចទឹកជាតំបន់ស្នូល និងជាតំបន់ដែលត្រូវការពារ។ ថ្មីៗនេះ មានការកាប់ទន្ទ្រានដីនៅតំបន់នេះ ពីសំណាក់ជនខិលខូចមួយចំនួន ជាពិសេសក្នុងក្របខណ្ឌនៃខេត្តកំពង់ឆ្នាំង និងខេត្តមួយចំនួនទៀត។ តាមរយៈសារសំឡេងពិសេស និងជាសារសំឡេងដ៏ក្ដៅរបស់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ជុំវិញបញ្ហានេះថា៖ «ដើម្បីការពារបឹងទន្លេសាបរបស់យើង ដែលកំពង់តែរងគ្រោះស្រាប់ ដោយគោករាក់ និងការបាត់បង់ព្រៃឈើដោយការបំផ្លិចបំផ្លាញពីក្រុមជនអនាធិបតេយ្យទៅហើយនោះ ចាំបាច់ត្រូវតែមានវិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដែលដំបូងត្រូវប្រគល់ឱ្យអភិបាលខេត្តនៅតាមតំបន់ទន្លេសាបទាំងអស់ ទទួលខុសត្រូវទៅលើបញ្ហា ពិនិត្យមើល និងទប់ស្កាត់ជាបន្ទាន់នូវការកាប់ទន្ទ្រានដីព្រៃលិចទឹក ហើយក៏ត្រូវគ្រប់គ្រងផងដែរជាមួយនឹងដីដែលបានកាប់រួចហើយ អាជ្ញាធរខេត្តត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពទៅតាមដែនសមត្ថកិច្ចរបស់ខ្លួនភ្លាមៗ ដោយគ្មានការពន្យាពេល។

សម្ដេចបានបញ្ជាក់ថា «នេះជាការបង្រ្កាប មិនមែនជាការអប់រំនោះទេ។ យើងគ្មានពេលវេលាក្នុងការអប់រំបន្ថែមនោះទេ»។ ក្រៅពីថ្នាក់ខេត្ត ក្នុងនោះ សម្ដេចបានចេញបញ្ជាឱ្យឯកឧត្តម ជា សុផារ៉ា ដែលជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងជាប្រធានសុរិយោដីថ្នាក់ជាតិ ដឹកនាំការប្រជុំជាបន្ទាន់ ជាមួយនឹងក្រសួងដែលមានការពាក់ព័ន្ធ ដែលរួមមាន ក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប ក្រសួងរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងបរិស្ថាន អង្គភាពប្រឆាំងភារវកម្ម ផ្នែកអធិការកិច្ច ឯកឧ្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែលទទួលខុសត្រូវលើបទល្មើសព្រៃឈើ បែងចែកភារកិច្ចគ្នាដើម្បីធ្វើការ ចុះទៅត្រួតពិនិត្យ ហើយដកយកត្រឡប់មកវិញទាំងអស់នូវដីទាំងឡាយដែលបានកាត់រួចមកហើយ ដូចជាករណីនៅខេត្តកំពង់ឆ្នាំងជាដើម។

បន្ថែមពីការចាត់វិធានការនេះ សម្ដេចបានស្នើរឱ្យរៀបចំក្រុមសម្រាប់គ្រប់ខេត្ត តាមក្រសួងនីមួយៗគឺមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការយ៉ាងច្រើន ដើម្បីចុះទៅកាន់ខេត្តនៅតំបន់ទន្លេសាប ក្រុមសម្រាប់កំពង់ឆ្នាំង ក្រុមសម្រាប់ពោធិ៍សាត់ ក្រុមសម្រាប់បាត់ដំបង ក្រុមសម្រាប់បន្ទាយមានជ័យ ក្រុមសម្រាប់ខេត្តសៀមរាប ក្រុមសម្រាប់ខេត្តកំពង់ធំ និងមួយផ្នែកខេត្តកំពង់ចាម និងខេត្តកណ្ដាលផងដែរ ត្រូវចុះទៅតំបន់ដែលមានភាពធ្ងន់ធ្ងរ ធ្វើកិច្ចការងារនេះជាបន្ទាន់ជាមួយនឹងខេត្ត ត្រូវដកហូតត្រឡប់មកវិញទាំងអស់ ទាំងរបស់មន្ត្រី ទាំងរបស់ប្រជាជននៅក្នុងដែន ព្រំដែនដែលយើងបានកំណត់ជាតំបន់១ តំបន់២ និងតំបន់៣ ដែលមិនត្រូវឱ្យមានការរំលោភបំពានទៅលើតំបន់ដែលបានកំណត់ដែលត្រូវការពារនោះទេ។ ហើយដីដែលត្រូវបានដកហូតនេះ នឹងមិនអនុញ្ញាតិឱ្យមានការបង្កបង្កកើនផលនោះទេ ដោយសារសមត្ថកិច្ចទាំងអស់សុទ្ធតែជានគរបាលយុត្តិធម៌ ដូច្នេះត្រូវតែចាប់ខ្លួនចំពោះអ្នកណាដែលបានបំពាន ជាមួយនឹងបទបញ្ញត្តិទាំងឡាយដែលយើងធ្លាប់បានដាក់ចេញរួចរាល់ជាមួយការល្មើសការកំណត់របស់រដ្ឋ។ ជនទាំងឡាយដែលត្រូវបានរកឃើញពាក់ព័ន្ធនឹងករណីរំលោភបំពាននេះ ត្រូវរៀបចំបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីកាត់ទោស​ មិនថាជាប្រជាជនធម្មតា ឬជាមន្ត្រីនៅស្ថាប័នណាមួយ ដោយគ្មានការលើកលែង ដោយភាពអនាធិបតេយ្យបែបនេះ គឺមិនអាចទទួលយកបានទេ ហើយក៏មិនអាចអត់ឱនឱ្យបានដែរ៕

កែសម្រួលដោយ៖ BRANDMEDIA