កម្ពុជា-រាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង ចុះ MOU ពង្រឹងកិច្ចសហប្រតិបត្តិការអប់រំលើវិស័យសំខាន់ចំនួន៣


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង ស្ដីពី កិច្ចសហការភាពជាដៃគូវិស័យអប់រំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើងប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធ។

អនុស្សរណៈយោគយល់គ្នាលើកិច្ចសហការដៃគូវិស័យអប់រំ ត្រូវបានរៀបចំឡើង ដើម្បីបង្កើតក្របខ័ណ្ឌមួយជាក់លាក់ក្នុងគោលបំណងពង្រឹង និង អភិវឌ្ឍកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងភាគីពាក់ព័ន្ធនៅក្នុងវិស័យអប់រំ ដើម្បីគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអប់រំកម្ពុជា ឆ្នាំ ២០២៤-២០២៨ ។ តាមរយៈការចុះ MOU នេះ ភាគីទាំងពីរនឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យ ១) ការអប់រំបឋមសិក្សា ២) កិច្ចសហការឧត្តមសិក្សា និងភាពជាដៃគូរវាងស្ថាប័ន និង ៣) កម្មវិធីអាហារូបករណ៍ និងភាពជាដៃគូ។

លើកឡើងក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃប្រទេសទាំងពីរ ដែលកំពុងរីកចម្រើនជាលំដាប់ ដែលក្នុងនោះរួមមាន កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និងសាកលវិទ្យាល័យ ការផ្តល់អាហារូបករណ៍តាមរយៈកម្មវិធី ASEAN–UK SAGE និង Chevening ព្រមទាំងការរួមចំណែកពង្រឹងប្រព័ន្ធអប់រំកម្ពុជាតាមរយៈអង្គការ GPE (Global Partnership for Education) ដែលព្រីតថេនជាសមាជិក និងជាស្ថាបនិក។

ភាពជាដៃគូទាំងនេះ បានបង្កើតនូវកាលានុវត្តភាពដ៏មានតម្លៃសម្រាប់កិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវ ការផ្លាស់ប្តូរចំណេះដឹង ការអភិវឌ្ឍសមត្ថភាពនិស្សិត ឱកាសវិនិយោគ និងការផ្តល់កម្មវិធីអប់រំដែលមានគុណភាពខ្ពស់ បានរួមចំណែកដល់ការកសាងសមត្ថភាព ការគាំទ្រកំណែទម្រង់វិស័យអប់រំ ការអភិវឌ្ឍជំនាញ និងការកសាងមូលធនមនុស្សនៅកម្ពុជា ដែលឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់ការអភិវឌ្ឍធនធានមនុស្សជាអាទិភាព។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ជាថ្មីម្ដងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលព្រីតថេន ចំពោះមិត្តភាពដ៏យូរអង្វែង និងការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ជាពិសេសលើវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស ជំនាញ និងជំនួយមនុស្សធម៌នាពេលកន្លងមក ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តកិច្ចសន្ទនាឱ្យបានទៀងទាត់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែមានប្រសិទ្ធភាព សំដៅបំប្លែងការប្តេជ្ញាចិត្តរួមគ្នាឱ្យទៅជាសកម្មភាពជាក់ស្តែង ការពង្រឹងស្ថាប័ន កាលានុវត្តភាពសម្រាប់យុវជន និងផលប្រយោជន៍ជាជាក់ស្តែងជូនដល់ប្រជាជននៃប្រទេសទាំងពីរ៕

នាឱកាសនេះដែរ លោកជំទាវ រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានលើកឡើងថា នៅពេលយើងនិយាយអំពីការអប់រំ យើងតែងតែនឹកឃើញដល់សាលារៀន សាកលវិទ្យាល័យ សញ្ញាបត្រ និងជំនាញ ប៉ុន្តែតាមពិត ខ្លឹមសារសំខាន់នៃការអប់រំ គឺស្ថិតនៅលើការផ្តល់ «កាលានុវត្តភាព» សម្រាប់ប្រជាជន និងប្រទេសជាតិ។ ក្នុងន័យនេះ ការចុះ MOU ថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដោយផ្អែកលើកិច្ចសហប្រតិបត្តិការជាក់ស្តែង ការគោរពគ្នាទៅវិញទៅមក និងការវិនិយោគលើធនធានមនុស្សកម្ពុជា។

ប្រភព៖ MoEYS