ចំនួនអ្នកស្លាប់ក្នុងគ្រោះមហន្តរាយទឹកជំនន់ដ៏ខ្លាំងក្លា នៅនេប៉ាល់-ទីបេ កើនជិត ៤០០នាក់ ខណៈអ្នកបាត់ខ្លួនជាង ១,៤០០នាក់


នេប៉ាល់៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីនៅតាមព្រំដែននេប៉ាល់-ទីបេ បានកើនឡើងដល់ ៣៩២នាក់ ខណៈមនុស្សជាង ១,៤០០នាក់ កំពុងបាត់ខ្លួន។ ពេលនេះក្រុមសង្គ្រោះកំពុងប្រញាប់ប្រញាល់ប្រតិបត្តិការស្វែងរកអ្នកនៅរស់រានមានជីវិត និងសាកសពនៅតាមតំបន់រងគ្រោះ។

គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរនេះ បានវាយប្រហារតំបន់ជាប់ព្រំដែននេប៉ាល់-ទីបេ បង្កឱ្យមានលំហូរទឹកយ៉ាងខ្លាំង លាយឡំភក់ និងកម្ទេចកម្ទីយ៉ាងសន្ធឹកសន្ធាប់ ហូរបោកបណ្ដាលឱ្យបំផ្លាញភូមិ ផ្ទះ ស្ពាន ទំនប់ និងយានយន្តជាច្រើន។ ដោយឡែក តំបន់មួយចំនួនត្រូវបានគ្របដណ្តប់ដោយភក់ និងកម្ទេចកម្ទីរហូតស្ទើរមើលមិនឃើញរូបរាង។

កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ក្រុមសង្គ្រោះ បានចុះស្វែងរកអ្នកបាត់ខ្លួននៅតាមតំបន់ដែលរងការបំផ្លាញ ខណៈកងកម្លាំងសន្តិសុខនេប៉ាល់បានប្រើប្រាស់ សត្វឆ្កែហិតក្លិន ដើម្បីស្វែងរកសាកសពដែលអាចកប់នៅក្រោមភក់ និងកម្ទេចកម្ទី។ ប៉ូលិសនេប៉ាល់បានឱ្យដឹងថា ខ្លួនបានរកឃើញសាកសពចំនួន ៣៨៩នាក់ ខណៈមនុស្សប្រមាណ ៩១០នាក់ រួមមានអ្នកទេសចរបរទេស ៥១៧នាក់ កំពុងបាត់ការទំនាក់ទំនងនៅក្នុងប្រទេស។ ក្នុងចំណោមអ្នកបាត់ដានទាំងនោះ មានពលរដ្ឋឥណ្ឌាច្រើនជាងគេ ខណៈសហរដ្ឋអាម៉េរិកបានឱ្យដឹងថា ពលរដ្ឋរបស់ខ្លួនប្រមាណ ៩០នាក់ ក៏បាត់ដំណឹងដូចគ្នា។ ក្រៅពីនេះ ក៏មានអ្នកបាត់ខ្លួនជាជនបរទេសមកពីប្រទេសអូស្ត្រាលី អង់គ្លេស ម៉ាឡេស៊ី ហូឡង់ ព័រទុយហ្គាល់ អាហ្វ្រិកខាងត្បូង និងកូរ៉េខាងត្បូងផងដែរ។

ដោយឡែក នៅតំបន់ទីបេ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា គ្រោះរអិលបាក់ដីនៅច្រកព្រំដែន Gyirong បានបណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និង ៥៥៨នាក់បាត់ខ្លួន ក្នុងនោះក៏មានជនបរទេសចំនួន ២៦០នាក់ផងដែរ។

តាមការវាយតម្លៃរបស់ US Geological Survey (USGS) បានឱ្យដឹងថា គ្រោះមហន្តរាយនេះបានបង្កឡើងដោយសារ ការបាក់រលំនៃផ្ទាំងទឹកកក ដែលបានបង្កឱ្យមានចលនារញ្ជួយដី និងលំហូរភក់ ថ្ម និងទឹកកកយ៉ាងសន្ធឹកសន្ធាប់ចុះទៅតំបន់ខាងក្រោម។ ទោះជាយ៉ាងណា USGS បានបញ្ជាក់ថា ហេតុការណ៍នេះដំបូងត្រូវអាចជាគ្រោះរញ្ជួយដីកម្រិត ៤,៤រ៉ិចទ័រ ប៉ុន្តែបន្ទាប់ពីវិភាគទិន្នន័យរញ្ជួយដីឡើងវិញ អ្នកជំនាញបានកំណត់ថា វាគឺជាការបាក់រលំនៃផ្ទាំងទឹកកក។

អ្នកជំនាញបានព្រមានថា ហានិភ័យនៃទឹកជំនន់បន្ថែមនៅតែមិនទាន់បញ្ចប់ ដោយសារកម្ទេចកម្ទីដ៏ច្រើនបានកកស្ទះផ្លូវទឹកនៅតំបន់ខាងលើ ហើយអាចបង្កើតជាបឹងធម្មជាតិមួយ។ ប្រសិនបើទឹកដែលជាប់នៅពីក្រោយរបាំងកម្ទេចកម្ទីនេះហូរទម្លុះចេញ វាអាចបង្កជាទឹកជំនន់លើកទី២។

ជាមួយគ្នានេះ អ្នកជំនាញផ្នែកបរិស្ថានបានប្រៀបធៀបលំហូរភក់ និងកម្ទេចកម្ទីដ៏មហិមានេះទៅនឹង «រលកយក្សស៊ូណាមីនៅលើគោក» ដោយវាបានហូរចុះទៅភាគខាងត្បូងនេប៉ាល់ក្នុងចម្ងាយជិត ១៧០គីឡូម៉ែត្រ។ យ៉ាងណាមិញ គ្រោះមហន្តរាយនេះ ក៏បានប៉ះពាល់ដល់អ្នកទេសចរ និងអ្នកធម្មយាត្រាជាច្រើននាក់ដែលកំពុងធ្វើដំណើរនៅតំបន់ហិមាល័យ រួមទាំងអ្នកកាន់សាសនាហិណ្ឌូដែលធ្វើដំណើរទៅកាន់ភ្នំ Kailash ដ៏ស័ក្តិសិទ្ធិនៅទីបេ។

ប្រភព៖ CNA