អ្នកទេសចរជាង ៥០០នាក់ បានបាត់ខ្លួនក្នុងគ្រោះមហន្តរាយទឹកជំនន់ នៅព្រំដែននេប៉ាល់-ទីបេ ខណៈមនុស្ស ១៦០នាក់ បានស្លាប់បាត់បង់ជីវិត!


នេប៉ាល់៖ អាជ្ញាធរទេសចរណ៍នេប៉ាល់បានរាយការណ៍ថា អ្នកទេសចរប្រមាណ ៥៧៩នាក់បន្តបាត់ខ្លួន ក្នុងនោះមានជនបរទេសជាង ៤០០នាក់ មកពីប្រទេសជាច្រើន រួមមានឥណ្ឌា អូស្ត្រាលី អង់គ្លេស ម៉ាឡេស៊ី ហូឡង់ ព័រទុយហ្គាល់ អាហ្វ្រិកខាងត្បូង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្នុងចំណោមអ្នកបាត់ខ្លួន ក៏មានជនជាតិសិង្ហបុរី ២នាក់ ដែលធ្វើដំណើរជាមួយក្រុមទេសចរណ៍ចំនួន ៤៧នាក់ផងដែរ។

គ្រោះមហន្តរាយនេះ បានកើតឡើងបន្ទាប់ពីទឹកជំនន់ភ្លាមៗ និងបាក់ដីដ៏ធ្ងន់ធ្ងរ បានវាយប្រហារតំបន់ព្រំដែនភ្នំហិមាល័យរវាងប្រទេសនេប៉ាល់ និងទីបេ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៦០នាក់ស្លាប់ និងបង្កឱ្យមានលំហូរទឹក ភក់ និងកម្ទេចកម្ទីយ៉ាងខ្លាំង ហូរចុះទៅតំបន់ខាងក្រោម និងបំផ្លាញផ្លូវថ្នល់ ស្ពាន អគារ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

ជាមួយគ្នានេះ អ្នកជំនាញបានព្រមានថា ការស្ទះទឹកដែលនៅសេសសល់នៅតំបន់ខាងលើនៃទន្លេ អាចបង្កឱ្យមានទឹកជំនន់ជាលើកទី២ ដែលធ្វើឱ្យការងារសង្គ្រោះកាន់តែមានគ្រោះថ្នាក់។

ដោយឡែក នៅខាងទីបេ អាជ្ញាធរចិនបានបញ្ជូនបុគ្គលិកសង្គ្រោះបន្ទាន់ជិត ៨០០នាក់ចូលរួមប្រតិបត្តិការ ខណៈកងទ័ពនេប៉ាល់កំពុងប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីស្វែងរក និងជម្លៀសអ្នករងគ្រោះពីតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ។

តំបន់ Syabrubesi ដែលជាច្រកចូលទៅកាន់តំបន់ទេសចរណ៍ដើរឡើងភ្នំដ៏ពេញនិយម ក៏ស្ថិតក្នុងចំណោមតំបន់រងគ្រោះផងដែរ។ តំបន់នេះក៏ជាផ្លូវធ្វើដំណើររបស់អ្នកធ្វើធម្មយាត្រាទៅកាន់តំបន់ជើងភ្នំ Kailash ដែលមានសារៈសំខាន់សម្រាប់អ្នកកាន់សាសនាព្រះពុទ្ធ និងហិណ្ឌូ។

គួរបញ្ជាក់ថា គ្រោះមហន្តរាយនេះ បានកើតឡើងក្នុងរដូវវស្សា ដែលជាទូទៅទឹកជំនន់ និងការបាក់ដីតែងតែកើតមាននៅតំបន់អាស៊ីខាងត្បូង។ ទន្ទឹមនេះ អ្នកវិទ្យាសាស្ត្រក៏បានព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យបាតុភូតអាកាសធាតុធ្ងន់ធ្ងរមានភាពញឹកញាប់ និងកាន់តែខ្លាំងឡើង នៅក្នុងតំបន់។

ប្រភព៖ CNA