លោក Donald Trump ប្រកាសដំឡើងពន្ធ ៥០% លើរថយន្ត និងដែកថែប ដែលនាំចូលពីប្រទេសកាណាដា
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសដាក់ពន្ធថ្មីក្នុងអត្រា ៥០% លើរថយន្ត រថយន្តដឹកទំនិញ គ្រឿងបន្លាស់រថយន្ត និងដែកថែបដែលនាំចូលពីប្រទេសកាណាដា។ នេះជាវិធានការថ្មីបន្ថែមទៀត ដែលធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែតានតឹង។


ជាមួយគ្នានេះ លោក Trump បានឱ្យដឹងថា ពន្ធថ្មីនេះនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ហើយផ្ដោតលើរថយន្តជាពិសេសតែម្ដង ដែលមានទាំង រថយន្តធ្វើដំណើរ រថយន្តដឹកទំនិញ គ្រឿងបន្លាស់រថយន្ត និងដែកថែបជាដើម។ ក្នុងនោះ លោក Trump ក៏បានរិះគន់គោលនយោបាយពន្ធរបស់កាណាដាលើផលិតផលកសិកម្មរបស់អាមេរិក ដោយចោទថា កាណាដា បានទាញយកផលប្រយោជន៍ ពីសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ។
គួរឱ្យដឹងផងដែរថា លោក Trump បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ថា កាណាដា ពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារអាមេរិក និងអះអាងថា រហូតមកទល់ពេលនេះ ប្រទេសកាណាដា បានធ្វើពាណិជ្ជកម្មប្រមាណ ៩៥% ជាមួយសហរដ្ឋអាមេរិក។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយកាលពីថ្ងៃចន្ទ ថា ការប្រកាសរបស់លោក Trump មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលសម្រាប់រដ្ឋាភិបាលកាណាដានោះទេ។ លោក បានព្រមានថា កាណាដានឹងត្រៀមខ្លួនដើម្បីចរចា ប្រសិនបើសហរដ្ឋអាមេរិកចូលមកកាន់តុចរចា ដោយចាត់ទុកកាណាដាជាដៃគូពាណិជ្ជកម្មពិតប្រាកដ។
លោក Carney ក៏បានលើកឡើងពីផលប៉ះពាល់ដែលអាចកើតមានចំពោះកម្មករអាមេរិកនៅរដ្ឋ Michigan, Ohio, Kentucky និង Alabama ផងដែរ ដែលពួកគេ គឺបានពឹងផ្អែកលើតម្រូវការរបស់ទីផ្សារកាណាដាទាំងស្រុង ដូចនេះ លោកបានបញ្ជាក់ថា «កាណាដាគឺជាទីផ្សារធំបំផុតសម្រាប់រថយន្តដែលផលិតនៅសហរដ្ឋអាមេរិក»។
បន្ថែមលើនេះ លោក Carney ក៏បាននិយាយថា សហរដ្ឋអាមេរិក បានទាមទារច្រើនពេក ខណៈផ្តល់ជូនតិចពេក ហើយបានប្តេជ្ញាថា កាណាដានឹងឆ្លើយតបតាមគោលការណ៍ «ដុល្លារទល់នឹងដុល្លារ» ចំពោះពន្ធរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់សារជាថ្មីថា ប្រទេសទាំងពីរធ្លាប់មានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែគោលនយោបាយពន្ធដ៏តឹងរ៉ឹងរបស់រដ្ឋបាលលោក Trump ក្នុងអាណត្តិទី២ កំពុងធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរកាន់តែមានភាពតានតឹង។
ប្រភព៖ The Guardian















