នគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីបាញ់សម្លាប់នៅស្រុកបាទី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងបញ្ជូនទៅកសាងសំណុំរឿងតាមច្បាប់
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ បានឱ្យដឹងថា តាមការអនុវត្តក្រោមបទបញ្ជារបស់ឯកឧត្តម នាយកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រួមកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវ និងបង្ក្រាបករណីឃាតកម្ម យកកាំភ្លើងខ្យល់ បាញ់ជនរងគ្រោះម្នាក់បណ្ដាលឲ្យស្លាប់ នៅស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្នជនសង្ស័ខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ដ។







សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានករណីឃាតកម្ម បានកើតឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន១ក្រុម បានធ្វើសកម្មភាពយកអាវុធវែងប្រើគ្រាប់វ៉ាងឡុងបាញ់ទៅលើជនរងគ្រោះឈ្មោះ គីម វិច្ឆិកា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចេញបទបញ្ជាឱ្យអនុប្រធាននាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យ។
ក្រោយមក នៅថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ឈ្មោះ ឈឹម ឌុន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងបក្ខពួកចំនួន២នាក់ទៀតទៀត ម្នាក់ឈ្មោះ រី រតនា ភេទប្រុស អាយុ១៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ សុភ័ក្ត ផាត់យ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរដូចគ្នា។ ក្រោយកម្លាំងជំនាញសាកសួរ ពួកគេក៏បានចូលខ្លួនសារភាពកំហុស នៅអធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ករណីឃាតកម្មនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដកហូតវត្ថុតាងមួយចំនួនដូចជា អាវុធវែង ប្រើគ្រាប់វ៉ាងឡុង ចំនួន១ដើម និងម៉ូតូ១គ្រឿង ម៉ាក ហុងដាឌ្រីម FI ឆ្នាំ២០១២។
គួរឱ្យដឹងផងដែរថា ក្រុមជនសង្ស័យបានសារភាពប្រហាក់ប្រហែលគ្នាថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ពួកគេបានធ្វើសកម្មភាព ដោយប្រើប្រាស់អាវុធវែងគ្រាប់ប្រភេទវ៉ាងឡុង ចំនួន១ដើម បាញ់ទៅលើជនរងគ្រោះប្រាកដមែន។ មូលហេតុដោយសារតែក្រុមជនរងគ្រោះបានជិះម៉ូតូដេញវាយមកលើពួកគេមុន ទើបឈានដល់មានសកម្មភាពខាងលើកើតឡើង។
ក្រោយពីធ្វើសកម្មភាពរួច ជន្សង្ស័យឈ្មោះ ឈឹម ឌុន ក៏បានយកអាវុធទៅលាក់នៅផ្ទះរបស់ខ្លួន ខណៈម៉ូតូយកទៅកប់នៅផ្ទះរបស់ជនសង្ស័យឈ្មោះ នី សុវ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ស្ថិតក្នុងភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ












