កាន់តែក្ដៅ! គ្រាប់កាំភ្លើងពីការប្រយុទ្ធនៅមីយ៉ាន់ម៉ា ហោះឆ្លងព្រំដែន ធ្លាក់ចំផ្ទះពលរដ្ឋក្នុងទឹកដីថៃ
ការប្រយុទ្ធគ្នានៅតំបន់ជាប់ព្រំដែនខេត្តតាក ប្រទេសថៃ កាន់តែខ្លាំងឡើង ខណៈកងកម្លាំងមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមអាកាស និងដឹកជញ្ជូនស្បៀងផ្គត់ផ្គង់តាមយន្តហោះ ដើម្បីគាំទ្រកងទ័ពដែលកំពុងប្រយុទ្ធជាមួយកងកម្លាំងក Karen ក្នុងរដ្ឋ Karen។

ការប៉ះទង្គិចបានបន្តកើតឡើងនៅជុំវិញក្រុង Myawaddy ដែលស្ថិតទល់មុខស្រុក Mae Sot និង Phop Phra ខេត្តតាក ដោយកងទ័ពមីយ៉ាន់ម៉ាបានប្រើប្រាស់អាវុធធុនធ្ងន់ និងអាវុធធុនស្រាល ក្នុងប្រតិបត្តិការដណ្ដើមកាន់កាប់ទីតាំងរបស់កងកម្លាំង Karen។
គ្រាប់កាំភ្លើងពីការប្រយុទ្ធបានហោះឆ្លងព្រំដែនចូលទឹកដីថៃជាថ្មី និងធ្លាក់ចំផ្ទះប្រជាពលរដ្ឋនៅភូមិ Ban Huai Maha Wong ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ពីអ្នករងរបួសឡើយ។ តំបន់នេះក៏ធ្លាប់រងផលប៉ះពាល់ពីគ្រាប់កាំភ្លើងដែលហោះឆ្លងព្រំដែនពីការប្រយុទ្ធគ្នាកន្លងមកផងដែរ។
ទន្ទឹមនឹងនេះ យន្តហោះយោធាមីយ៉ាន់ម៉ា ក៏ត្រូវបានប្រើប្រាស់សម្រាប់ដឹកជញ្ជូនស្បៀងអាហារ និងសម្ភារៈផ្គត់ផ្គង់ទៅកាន់កងទ័ពនៅសមរភូមិ ដោយសារតាមសេចក្ដីរាយការណ៍ ការដឹកជញ្ជូនតាមផ្លូវគោកអាចប្រឈមនឹងហានិភ័យនៃការវាយឆ្មក់ពីកងកម្លាំង Karen។
ប្រភព៖ Khaosod











