|

ក្រសួងសង្គមកិច្ច ណែនាំឲ្យបញ្ឈប់រាល់សកម្មភាពយកកុមារ ធ្វើជាមាតិកា ដើម្បីទាក់ទាញការចាប់អារម្មណ៍ ការកម្សាន្ត ឬ រកប្រាក់ចំណូល


ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេចក្តីណែនាំ ស្តីពីការទប់ស្កាត់ការយកកុមារទៅបង្កើតមាតិកាតាមបណ្តាញសង្គមដែលនាំឱ្យប៉ះពាល់ដល់ សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់កុមារ ដើម្បីទាក់ទាញការចាប់អារម្មណ៍ ការកម្សាន្ត ឬ រកប្រាក់ចំណូល ដែលសកម្មភាពទាំងនេះ គឺផ្ទុយនឹងអនុសញ្ញាអន្តរជាតិ ច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

ជាមួយគ្នានោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកត់សម្គាល់ឃើញថ្មីៗនេះ មានការផលិត ការបង្ហោះ ការចែកចាយ និងការចែករំលែកបន្តនូវរូបភាព ឬវីដេអូអាសអាភាសរបស់កុមារតាមបណ្តាញសង្គម និងកម្មវិធីផ្ញើសារផ្សេងៗ។ លើសពីនេះ ក៏មានអ្នកបង្កើតមាតិកា ដោយបុគ្គលល្បីៗមួយចំនួន បានយកកុមារមក សម្តែង ឬថតជាវីដេអូ ផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម ដើម្បីទាក់ទាញការចាប់អារម្មណ៍ ការកម្សាន្ត ឬរកប្រាក់ ចំណូល។

ក្រសួងសង្គមកិច្ច បានចាត់ទុកសកម្មភាពនេះ ថាជាការរំលោភសិទ្ធិ សេចក្តីថ្លៃថ្នូរ សីលធម៌សង្គម ក្រមសីលធម៌ ឬគោលការណ៍សុវត្ថិភាពកិច្ចការពារកុមារដូចជា ការរំលោភបំពានដល់សិទ្ធិឯកជនភាព ការបោះបង់ការសិក្សា ឬការសិក្សាចុះខ្សោយ កុមារក្លាយជាកម្មវត្ថុនៃការធ្វើអាជីវកម្មសេដ្ឋកិច្ច ការជួញដូរ និងការរំលោភបំពានផ្សេងៗទៀត។

ទន្ទឹមនោះផងដែរ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានគូសបញ្ជាក់ទៀតថា នឹងចាត់វិធាការតាមច្បាប់ជាធរមាន ចំពោះអ្នក បង្កើតមាតិកា ឬសាធារណៈជន ដែលនៅតែបន្តយកកុមារថតរូបភាព ឬវីដេអូ ទៅប្រើប្រាស់តាមបណ្តាញ សង្គម ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ ច្បាប់ និងឧត្តមប្រយោជន៍របស់កុមារ។

ប្រភព៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា