គណៈប្រតិភូសភាអាស៊ី-ប៉ាស៊ីហ្វិកមកពី ១៦ប្រទេស ចុះសិក្សាផ្ទាល់នៅមណ្ឌលសុខភាពខេត្តកំពត ដើម្បីស្វែងយល់ពីការបម្រើសេវាថែទាំសុខភាពនៅកម្ពុជា
ខេត្តកំពត៖ នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានអញ្ជេីញចូលរួមជាមួយគណៈប្រតិភូសមាជិកសភា ចំនួន១៦ប្រទេស ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ APPF-GH លើកទី៩ នៅកម្ពុជា ចុះទស្សនកិច្ចសិក្សាផ្ទាល់នៅមណ្ឌលសុខភាពអង្គភ្នំតូច (ស្រុកអង្គរជ័យ) និងមន្ទីពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល (ក្រុងបូកគោ) ខេត្តកំពត ដើម្បីដកស្រង់បទពិសោធន៍ជាក់ស្តែងពីការបម្រេីសេវាថែទាំសុខភាពនៅសហគមន៍ក្នុងប្រទេសកម្ពុជា។



នាឱកាសដំណើរទស្សនកិច្ចសិក្សា ស្វែងយល់ពីការបម្រើសេវាសុខាភិបាល នៅមូលដ្ឋានសុខាភិបាល ក្នុងខេត្តកំពតពេលនេះ គឺជាផ្នែកមួយដ៏សំខាន់នៃ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល លើកទី៩» ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។
តាមរយៈនេះ គណៈប្រតិភូសភាទាំងអស់ បានសិក្សាស្វែងយល់ស៊ីជម្រៅ ពីការបម្រេីសេវាថែទាំសុខភាពបឋមនៅសហគមន៍ ប្រកបដោយគុណភាព និងនៅជិតប្រជាពលរដ្ឋ។ លេីសពីនេះទៀត គណ:ប្រតិភូបានស្វែងយល់ពីសារ:សំខាន់ នៃការចូលរួមរបស់វិស័យសុខាភិបាលឯកជន ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ប្រកបដោយសមធម៌ និងបរិយាបន្ន ដេីម្បីលើកកម្ពស់សុខុមាលភាពប្រជាជន ឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល។
ប្រភព៖ ក្រសួងសុខាភិបាល











