រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបញ្ចប់មុខតំណែងមន្ត្រីរាជការ ២រូប ពាក់ព័ន្ធភាពមិនប្រក្រតី នៃដំណើរការរៀបចំនិងអនុវត្តគម្រោងមូលនិធិឃុំនៃខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញដីកាបញ្ចប់មុខតំណែងមន្ត្រីរាជការ ចំនួន ២រូប ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងដំណើរការរៀបចំ អនុវត្តគម្រោងមូលនិធិឃុំ និងមិនអនុលោមតាមគោលការណ៍ច្បាប់ នៅខេត្តកំពង់ឆ្នាំង ដែលកាលពីពេលថ្មីៗនេះ បានផ្សព្វផ្សាយ បង្គោលនិងអំពូលសូឡាមួយដើមមានតម្លៃរហូតដល់ ៨លានរៀល ដែលតម្លៃនេះខ្ពស់ជាងតម្លៃទីផ្សារហួសហេតុ។

ទន្ទឹមនោះ មន្ត្រីរាជការដែលត្រូវបានបញ្ចប់មុខតំណែង រួមមាន៖ ទី១. លោក ហង្ស ពិសី ពីនាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកំពង់ឆ្នាំង មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តកំពង់ឆ្នាំង។ ទី២. លោក វ៉ាន់ ថេន ពីនាយកទីចាត់ការអន្តរវិស័យ សាលាខេត្តកំពង់ឆ្នាំង មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងបន្តស្វែងរកឫសគល់នៃបញ្ហា និងអ្នកពាក់ព័ន្ធនានា មកអនុវត្តតាមច្បាប់។

គួរបញ្ជាក់ផងដែរថា វិធានការនេះ បានធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានចាត់មន្រ្តីជំនាញឲ្យចុះត្រួតពិនិត្យ ស៊ើបអង្កេត និងស្រាវជ្រាវ ដោយរកឃើញ ភាពមិនប្រក្រតីក្នុងដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំចំនួន ៥ នៅខេត្តកំពង់ឆ្នាំង។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង