ក្រសួងការងារ ចាត់វិធានការផ្លូវច្បាប់ លើអ្នកគ្រប់គ្រងរោងចក្រជាជនបរទេស ២រូប ដែលប្រើអាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ ជាមួយកម្មករខ្មែរ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើអ្នកគ្រប់គ្រងជាជនបរទេស ដែលប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យជាមួយបងប្អូនកម្មករនិយោជិតខ្មែរ។


យោងតាមព័ត៌មានរបស់ក្រសួងការងារកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្រោយទទួលបានបណ្តឹងពីបងប្អូនកម្មករនិយោជិត និងបានពិនិត្យវិភាគយ៉ាងល្អិតល្អន់ លើរូបភាព និងសំឡេងពីកាមេរ៉ាសុវត្ថិភាព ព្រមទាំងស្តាប់ការបំភ្លឺរបស់សាក្សី និងការសារភាពរបស់សាមីជន ក្រសួងបានតម្រូវឱ្យអ្នកគ្រប់គ្រងជាជនបរទេសចំនួន ២រូប ដែលពាក់ព័ន្ធ ធ្វើការសុំទោសជាសាធារណៈចំពោះកម្មករនិយោជិត និងធ្វើកិច្ចសន្យាឈប់ប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កម្មករខ្មែរតទៅទៀត។
សូមបញ្ជាក់ជូនថា អ្នកគ្រប់គ្រងជាជនបរទេសទាំង ២រូបនេះ ម្នាក់នៅរោងចក្រ ចាស្ទីន អេលេន (ខេមបូឌា) ហ្គាមេន មែនញហ្វែកឆឺរឹង ឯ.ក ស្ថិតក្នុងខេត្តកណ្តាល និងម្នាក់ទៀត នៅរោងចក្រ មីង យ៉ាង អ៊ុនជាស្ត្រី (ខេមបូឌា) ឯ.ក ស្ថិតក្នុងខេត្តកំពង់ស្ពឺ។
ទន្ទឹមនោះ ក្រសួងបានគូសបញ្ជាក់ថា ប្រសិនបើអ្នកគ្រប់គ្រងជាជនបរទេសទាំងនោះ ឬជនបរទេសដែលពាក់ព័ន្ធនឹងករណីបែបនេះ ប្រព្រឹត្តជាលើកទី២ នាពេលខាងមុខ នឹងប្រឈមនឹងការដកហូតបណ្ណការងារជនបរទេស និងការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានរំលឹកដល់អ្នកគ្រប់គ្រង មេការ និងអ្នកបកប្រែ នៃសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ជាពិសេសជនបរទេស ត្រូវគោរពសុជីវធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ ហើយចៀសវាងជាដាច់ខាតនូវការប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យនៅកន្លែងការងារ។
ដោយឡែក ក្រសួងបានសង្កត់ធ្ងន់ថា ក្នុងករណីរកឃើញ ឬទទួលបានពាក្យបណ្តឹងពាក់ព័ន្ធនឹងការប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ ឬការមិនអនុវត្តលក្ខខណ្ឌការងារបានត្រឹមត្រូវនៅកន្លែងការងារ ក្រសួងនឹងចាត់វិធានការតាមច្បាប់ជាធរមាន។
ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ















