កម្ពុជា ទាមទារឲ្យថៃចាប់ផ្តើមជាបន្ទាន់នូវការងារវាស់វែង ខ័ណ្ឌសីមាព្រំដែនគោគ (JBC) និងអនុញ្ញាតឱ្យពលរដ្ឋភៀសសឹកវិលទៅលំនៅឋានវិញ ដោយគ្មានការរារាំង


នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរខួបលើកទី៥៩ នៃការបង្កើតអាស៊ាន។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកអគ្គរាជ/រដ្ឋទូត និងតំណាងស្ថានបេសកកម្មការទូត ប្រទេសសមាជិកអាស៊ាន និងប្រទេសផ្សេងទៀតប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ មានតែដំណោះស្រាយប្រកបដោយយុត្តិធម៌ សន្តិភាព និងស្ថិរភាពយូរអង្វែងប៉ុណ្ណោះ ទើបអាចអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីររស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។

ជាមួយគ្នានោះ ឯកឧត្តមបានបញ្ជាក់បន្ថែមថា កម្ពុជានៅតែបន្តអំពាវនាវឱ្យមានការអនុវត្តជាបន្ទាន់ ពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោគ (JBC) ព្រមទាំងការអនុញ្ញាតឱ្យពលរដ្ឋភៀសសឹក វិលត្រឡប់ទៅកាន់លំនៅឋាន និងប្រកបរបរចិញ្ចឹមជីវិតជាធម្មតារបស់ពួកគេវិញ ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ឱ្យកាន់តែឆាប់បំផុត។

ប្រភព៖ ក្រសួងការបរទេស