រដ្ឋមន្រ្តីក្រសួងអប់រំ លើកទឹកចិត្តដល់សិស្សប្រឡងបាក់ឌុបឆ្នាំក្រោយៗ ឱ្យជ្រើសរើសយកការប្រឡងថ្នាក់វិទ្យាសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សក្នុងយុគសម័យបច្ចេកវិទ្យា
នេះជាប្រសាសន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកងមាស ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦។








នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានមានប្រសាសន៍ លើកទឹកចិត្តដល់សិស្សានុសិស្សឱ្យជ្រើសរើសយកការប្រឡងលើថ្នាក់វិទ្យាសាស្ត្រឱ្យបានកាន់តែច្រើននាឆ្នាំខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍធនធានមនុស្សក្នុងយុគសម័យបច្ចេកវិទ្យា។
ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តដល់សិស្សានុសិស្សដែលត្រៀមប្រឡងបាក់ឌុបទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អប្រសើរ គេងឱ្យបានគ្រប់គ្រាន់ និងបន្តរំលឹកមេរៀនជាប្រចាំ ជាពិសេសលើចំណុចណាដែលមិនទាន់ច្បាស់លាស់។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមថា “ប្អូនៗត្រូវចេះកំណត់ពេលវេលា និងគ្រប់គ្រងម៉ោងពេលក្នុងការធ្វើលំហាត់ឱ្យបានសមស្រប ដើម្បីធានាបាននូវទំនុកចិត្ត និងទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡងនាពេលខាងមុខ”។
ប្រភព៖ MoEYS












