ជប៉ុនសម្រេចផ្តល់ទូកល្បាត និងឧបករណ៍ទំនាក់ទំនងដល់កងទ័ពកម្ពុជា ក្រោមកម្មវិធីជំនួយសន្តិសុខជាផ្លូវការ (OSA) ជាលើកដំបូង ក្នុងទំហំទឹកប្រាក់ ៥០០ លានយ៉េន
រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ បានប្រកាសជាផ្លូវការថា ខ្លួននឹងផ្តល់ទូកល្បាត និងឧបករណ៍ទំនាក់ទំនងនានា ដល់កងទ័ពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមក្របខណ្ឌនៃកម្មវិធីជំនួយសន្តិសុខផ្លូវការ (Official Security Assistance – OSA) របស់ខ្លួន។ នេះគឺជាលើកទីមួយបង្អស់សម្រាប់ប្រទេសកម្ពុជា ក្នុងការទទួលបានជំនួយយោធាពីរដ្ឋាភិបាលទីក្រុងតូក្យូ ក្រោមកម្មវិធី OSA មួយនេះ ដែលជាយន្តការផ្តល់ឧបករណ៍ការពារជាតិដោយឥតគិតថ្លៃ ទៅកាន់បណ្តាប្រទេសដែលមានទស្សនវិស័យ និងគោលបំណងស្របគ្នា។

យោងតាមការបញ្ជាក់ពីរដ្ឋាភិបាលជប៉ុន កញ្ចប់ជំនួយសន្តិសុខដែលបានប្រកាសផ្តល់ជូនកម្ពុជានៅពេលនេះ មានទំហំទឹកប្រាក់សរុបរហូតដល់ទៅ ៥០០ លានយ៉េន (ឬប្រហែលជាង ៣ លានដុល្លារអាមេរិក)។ កម្មវិធីជំនួយ OSA របស់ជប៉ុន ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពសន្តិសុខ និងការពារជាតិរបស់បណ្តាប្រទេសជាមិត្ត ជាពិសេសលើវិស័យសន្តិសុខដែនសមុទ្រ និងការត្រួតពិនិត្យដែនអាកាស ដើម្បីរួមចំណែករក្សាស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់។
អ្នកវិភាគបានមើលឃើញថា ការពង្រីកវិសាលភាពនៃកម្មវិធីជំនួយ OSA មកកាន់ប្រទេសកម្ពុជានៅពេលនេះ ឆ្លុះបញ្ចាំងពីការប៉ុនប៉ងយុទ្ធសាស្ត្ររបស់ជប៉ុន ក្នុងការបង្កើនទំនាក់ទំនង និងឥទ្ធិពលសន្តិសុខរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់កងទ័ពជើងទឹករដ្ឋបាលកម្ពុជា ក្នុងការគ្រប់គ្រង និងល្បាតដែនសមុទ្រឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងខណៈពេលដែលស្ថានភាពភូមិសាស្ត្រនយោបាយក្នុងតំបន់កំពុងមានការប្រកួតប្រជែងគ្នាខ្លាំង៕
ប្រភព៖ The Japan Times












