វៀតណាមអនុវត្តបទប្បញ្ញត្តិថ្មី ហាមអ្នកជំពាក់ពន្ធចាកចេញពីប្រទេស រួមទាំងជនបរទេស
ហាណូយ៖ រដ្ឋាភិបាលវៀតណាមបានដាក់ឱ្យអនុវត្តក្រឹត្យលេខ 252 ស្តីពីការផ្អាកការចាកចេញពីប្រទេសជាបណ្តោះអាសន្នចំពោះអ្នកជំពាក់ពន្ធ រួមទាំងជនបរទេស ដោយកំណត់ថា បម្រាមនេះអាចត្រូវបានដកចេញ នៅពេលបំណុលពន្ធដែលនៅសល់ធ្លាក់ចុះក្រោមកម្រិតដែលច្បាប់បានកំណត់ ដោយមិនចាំបាច់ទូទាត់សងបំណុលទាំងស្រុងនោះទេ។

ក្រឹត្យថ្មីនេះបានចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ហើយអនុវត្តចំពោះជនបរទេសដែលមានបំណុលពន្ធហួសកាលកំណត់ ព្រមទាំងពលរដ្ឋវៀតណាមដែលធ្វើអន្តោប្រវេសន៍ទៅរស់នៅបរទេស និងជនជាតិវៀតណាមរស់នៅក្រៅប្រទេស ដែលចាកចេញពីវៀតណាមដោយមិនទាន់បំពេញកាតព្វកិច្ចពន្ធ។
តាមបទប្បញ្ញត្តិថ្មី បុគ្គលប្រកបអាជីវកម្ម និងអាជីវកម្មលក្ខណៈគ្រួសារ អាចប្រឈមនឹងការហាមឃាត់ការចាកចេញពីប្រទេស ប្រសិនបើមានបំណុលពន្ធចាប់ពី ៥០លានដុង (ប្រមាណ ១,៩០០ ដុល្លារអាមេរិក) និងហួសកាលកំណត់លើសពី ១២០ថ្ងៃ។
ដោយឡែក អ្នកតំណាងស្របច្បាប់ ឬម្ចាស់អាជីវកម្មជាក់ស្តែង (Beneficial Owner) របស់ក្រុមហ៊ុន សហករណ៍ និងសហព័ន្ធសហករណ៍ អាចត្រូវបានដាក់បម្រាមដូចគ្នា ប្រសិនបើស្ថាប័នរបស់ខ្លួនមានបំណុលពន្ធចាប់ពី ៥០០លានដុង (ប្រមាណ ១៩,០០០ ដុល្លារអាមេរិក) និងហួសកាលកំណត់លើសពី ១២០ថ្ងៃ។
រដ្ឋាភិបាលវៀតណាមបានបញ្ជាក់ថា ការពន្យារពេលអនុគ្រោះពី ៩០ថ្ងៃ ទៅជា ១២០ថ្ងៃ គឺដើម្បីផ្តល់ឱកាសឱ្យអ្នកជាប់ពន្ធកែតម្រូវការខ្វះខាត មុនពេលវិធានការហាមឃាត់ការចាកចេញពីប្រទេសត្រូវបានអនុវត្ត។
តាមទិន្នន័យរបស់អាជ្ញាធរពន្ធវៀតណាមបង្ហាញថា បច្ចុប្បន្នមានអ្នកជាប់ពន្ធប្រមាណ ៩៦៣,៥០០នាក់ ដែលលែងប្រតិបត្តិការនៅអាសយដ្ឋានដែលបានចុះបញ្ជី ប៉ុន្តែនៅតែមានបំណុលពន្ធ។ ក្នុងនោះរួមមានក្រុមហ៊ុន ៣២៥,៥០០ និងអាជីវកម្មលក្ខណៈគ្រួសារ ៦៣៨,០០០ ដែលមានបំណុលពន្ធសរុបប្រមាណ ៣២,១៣ ទ្រីលានដុង (ប្រមាណ ១,២២ ពាន់លានដុល្លារអាមេរិក)។
អាជ្ញាធរពន្ធវៀតណាមបានបញ្ជាក់ថា នឹងជូនដំណឹងទៅអាជ្ញាធរអន្តោប្រវេសន៍ភ្លាមៗ ដើម្បីលុបចោលការហាមឃាត់ការចាកចេញពីប្រទេស បន្ទាប់ពីអ្នកជាប់ពន្ធបំពេញលក្ខខណ្ឌរួចរាល់ ដោយកាត់បន្ថយរយៈពេលដំណើរការពីអតិបរមា ២៤ម៉ោងធ្វើការ មកជាការអនុវត្តភ្លាមៗ។
ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវឱ្យអ្នកជាប់ពន្ធតាមដានស្ថានភាពបំណុលពន្ធ និងព័ត៌មានពាក់ព័ន្ធនឹងការរឹតបន្តឹងការធ្វើដំណើរ តាមរយៈប្រព័ន្ធអនឡាញ និងកម្មវិធីផ្លូវការរបស់អាជ្ញាធរពន្ធជាប្រចាំ។
ប្រភព៖ Tuoitre











