ឯកឧត្តមបណ្ឌិតសោមរតនា៖ Erasmus+ ជាវេទិកាពង្រឹងសមត្ថភាពយុវជនកម្ពុជានិងអភិវឌ្ឍមូលធនមនុស្ស
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាជនបង្គោលថ្នាក់ជាតិសម្រាប់កម្មវិធីអាហារូបករណ៏ Erasmus+ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាផ្សព្វផ្សាយព័ត៌មានស្តីពីអាហារូបករណ៍អឺរ៉ុប និងកម្មវិធី Erasmus+» ដែលបានធ្វើឡើងនៅសាកលវិទ្យាល័យជាតិបាត់ដំបង (NUBB)។ ពិធីនេះក៏មានការចូលរួមយ៉ាងខ្ពង់ខ្ពស់ពី ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង លោក Bryan Fornari ប្រធានផ្នែកកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា តំណាងមកពីបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EUMS) គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ព្រមទាំងប្អូនៗនិស្សិត និងសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យជាតិបាត់ដំបង និងបណ្តាគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦ ផ្សេងទៀតរួមមាន វិទ្យាស្ថានគរុកោសល្យបាត់ដំបង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាកលវិទ្យាល័យអន្តរជាតិឌូវី សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យបៀលប្រាយ និងសាកលវិទ្យាល័យឯកទេសនៃកម្ពុជា សរុបទាំងអស់ចំនួន៤១៩នាក់។











មានមតិនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម រតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Bryan Fornari តំណាងសហភាពអឺរ៉ុប និងតំណាងប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធី ជាពិសេសចំពោះកិច្ចសហការពីសំណាក់ លោក សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងការរៀបចំយុទ្ធនាការផ្សព្វផ្សាយអាហារូបករណ៍អឺរ៉ុបនេះឡើង។
ឯកឧត្តមបណ្ឌិត ក៏បានថ្លែងបន្ថែមទៀតថា សហភាពអឺរ៉ុប (EU) តែងតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់វិស័យអប់រំនៅកម្ពុជា តាមរយៈការផ្ដើមអាហារូបករណ៏នានា ជាអាទិ៍ អាហារូបករណ៍ Erasmus+ នេះ ដើម្បីឲ្យនិស្សិតកម្ពុជា អាចអភិវឌ្ឍសមត្ថភាពខ្លួនឯង ក្លាយជាមូលធនមនុស្សដ៏មានតម្លៃសម្រាប់អភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា គោលបំណងនៃការរៀបសិក្ខាសាលានៅព្រឹកនេះ រួមមាន៖ ១. បង្កើនការយល់ដឹងក្នុងចំណោមសិស្សនិស្សិតកម្ពុជាកម្រិតឧត្តមសិក្សា និងឱកាសទទួលបានអាហារូបករណ៍តាមរយៈកម្មវិធី Erasmus+ និងរដ្ឋសមាជិកអឺរ៉ុប។ ២. បង្កើនការយល់ដឹងកាន់តែស៊ីជម្រៅពីសហភាពអឺរ៉ុប ក៏ដូចជាការប្តេជ្ញាចិត្តរបស់អឺរ៉ុបក្នុងការគាំទ្រដល់ការអប់រំជាសកល ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ៣. ជំរុញសមធម៌ និងបរិយាបន្ន ក្នុងការទទួលបានអាហារូបករណ៍ ដោយធានាថា សិស្សានុសិស្សនៅតាមបណ្តាខេត្ត ក៏មានឱកាសស្មើគ្នាក្នុងការទទួលបានព័ត៌មាន និងអាហារូបករណ៍ដូចសិស្សនៅរាជធានីភ្នំពេញដែរ។ ៤. ពង្រឹងភាពជាដៃគូស្ថាប័ន រវាងគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងបណ្តាញគ្រឹះស្ថានសិក្សារបស់អឺរ៉ុប ដើម្បីគាំទ្រដល់កម្មវិធីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធទៅថ្ងៃអនាគត។













