កេនយ៉ា និងជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រហែល ១៦៩ លានដុល្លារអាមេរិក ដើម្បីពង្រីកឧស្សាហកម្មដំឡើងយានយន្តក្នុងស្រុក


រដ្ឋាភិបាលកេនយ៉ា និងប្រទេសជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានមានតម្លៃប្រមាណ ២២ ពាន់លានស៊ីលីងកេនយ៉ា (ប្រហែល ១៦៩ លានដុល្លារអាមេរិក) ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មដំឡើងយានយន្តក្នុងស្រុក ការផលិតគ្រឿងបន្លាស់ និងការផ្លាស់ប្តូរទៅកាន់យានយន្តអគ្គិសនី (EV)។

កញ្ចប់ហិរញ្ញប្បទាននេះ ត្រូវបានផ្តល់ជាទម្រង់ “Samurai Financing” ដែលមានទឹកប្រាក់សរុប ២៥ ពាន់លានយេនជប៉ុន ហើយត្រូវបានប្រកាសក្នុងអំឡុងសន្និសីទអន្តរជាតិតូក្យូស្តីពីការអភិវឌ្ឍអាហ្វ្រិក (TICAD 9) ដោយមានការចូលរួមពីប្រធានាធិបតីកេនយ៉ា លោក William Ruto និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba។

តាមការបញ្ជាក់របស់មន្ត្រីកេនយ៉ា ថវិកាភាគច្រើននឹងត្រូវប្រើប្រាស់សម្រាប់ការពង្រឹងសមត្ថភាពផលិតយានយន្ត និងគ្រឿងបន្លាស់ក្នុងស្រុក ដោយផ្តោតលើការកាត់បន្ថយការពឹងផ្អែកលើការនាំចូលរថយន្តប្រើរួច និងការបង្កើតខ្សែច្រវាក់តម្លៃក្នុងវិស័យយានយន្ត។

នាយករដ្ឋមន្ត្រីរង និងរដ្ឋមន្ត្រីការបរទេសកេនយ៉ា លោក Musalia Mudavadi បានថ្លែងថា កិច្ចព្រមព្រៀងនេះនឹងជួយជំរុញការរីកចម្រើនឧស្សាហកម្ម បង្កើតការងារ និងលើកកម្ពស់ការច្នៃប្រឌិតក្នុងវិស័យផលិតយានយន្ត ជាពិសេសយានយន្តអគ្គិសនី។ លោកបានបន្ថែមថា គម្រោងនេះស្របតាមគោលនយោបាយជាតិរបស់កេនយ៉ា ដែលមានគោលដៅប្រែក្លាយប្រទេសទៅជាមជ្ឈមណ្ឌលផលិតយានយន្តប្រចាំតំបន់អាហ្វ្រិកខាងកើត។

ក្រៅពីវិស័យយានយន្ត កញ្ចប់ហិរញ្ញប្បទាននេះក៏នឹងគាំទ្រដល់ការកែលម្អប្រព័ន្ធថាមពល និងបណ្តាញចែកចាយអគ្គិសនី ដើម្បីកាត់បន្ថយការបាត់បង់ថាមពលដែលបច្ចុប្បន្នមានអត្រាជិត ២៣ ភាគរយនៃផលិតកម្មជាតិផងដែរ។

គួរបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ កេនយ៉ាបានបង្កើនការវិនិយោគលើវិស័យផលិតយានយន្តក្នុងស្រុក។ ក្រុមហ៊ុនផលិតយានយន្តជាច្រើនបានពង្រីកខ្សែដំឡើងរថយន្តថ្មី រួមទាំងការបើកដំណើរការខ្សែដំឡើងរថយន្ត Toyota Hiace នៅទីក្រុង Thika និងការវិនិយោគលើខ្សែដំឡើងយានយន្តអគ្គិសនីថ្មីៗ ដែលត្រូវបានគេរំពឹងថានឹងបង្កើតការងារ និងពង្រឹងជំនាញបច្ចេកទេសក្នុងស្រុក។

ប្រភព៖ KBC