លោក ហ៊ុន ម៉ានី «ការវិលត្រលប់មកមាតុភូមិវិញរបស់រតនៈវត្ថុដ៏មានតម្លៃ ជាការទទួលបាននូវដួងព្រលឹងជាតិមួយដែលបាត់បង់កាលពីអតីតកាល»


ដោយ៖ ផាត់ គឹមឆែ

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី​ បានរំលេចជាសាររៀបរាប់មួយនៅលើហ្វេសប៊ុកផ្លូវការរបស់លោកទាក់ទងទៅនឹងការសាទរ និងថ្លែងអំណរគុណចំពោះការសហការនាំយកវត្ថុបុរាណខ្មែរ ដែលបានបាត់បង់ទៅត្រលប់មកពីចក្រភពអង់គ្លេស មកគង់ប្រថាប់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាវិញ។

កម្ពុជាធ្លាប់ជាប្រទេសដែលមានអារ្យធម៌ដ៏ខ្ពង់ខ្ពស់ ប្រសើរថ្លៃថ្លា និងល្បីរន្ទឺ។ វប្បធម៌ដ៏ចំណាស់នេះ មានសម្បត្តិដ៏មហាសាល ជាពិសេសរតនៈវត្ថុដ៏មានតម្លៃដែលបានបន្សល់ទុកជាច្រើនសតវត្សកន្លងមកហើយ។ ឆ្លងតាមរយៈពេលដ៏យូរនេះ សម្បត្តិវប្បធម៌ដូចជាចម្លាក់បដិមាដែលជាទីសក្ការៈបូជានានា បានបាត់បង់ដោយសារតែមូលហេតុផ្សេងៗ កាលពីអតីតកាល។ រហូតមកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធបានខិតខំ ប្រឹងប្រែង ខ្នះខ្នែងក្នុងការនាយកវត្ថុបុរាណទាំងនោះត្រលប់មកមាតុប្រទេសវិញ។

ជាក់ស្ដែងថ្មីៗនេះ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូគ្លាស ឡាចហ្វត (Douglas Latchford) ស្ដីពីការបញ្ជូលត្រលប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរ ដូចដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានជូនដំណឹង កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្នុងនោះមានវត្ថុបុរាណខ្មែរចំនួន ១០០រូប សាងអំពីថ្ម និងសំរឹទ្ធនឹងត្រូវបញ្ជូនត្រលប់មកកម្ពុជាវិញជាបន្តបន្ទាប់។ យោងទៅតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ក្នុងដំណាក់កាលដំបូងនេះ វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯកចំនួន៥រូប ក្នុងនោះមានបដិមាថ្ម ព្រះសិវស្កន្ទ (ព្រះឥសូរនិងព្រះស្កន្ទ) មកពីប្រាសាទកោះកេរ, បដិមាថ្ម ព្រះអឌ្ឍនារីស្វរៈ (ព្រះឥសូរ និងព្រះនាងឧមា) និងកន្សៃទូកសំរឹទ្ធ នឹងត្រូវបញ្ជូនពីប្រទេសអង់គ្លេស មកដល់មាតុភូមិកម្ពុជានៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

ទាក់ទងនឹងបញ្ហានេះ លោក ហ៊ុន ម៉ានី​ បានចាត់ទុកការវិលត្រលប់មកមាតុប្រទេសវិញនៃរតនៈវត្ថុទាំងឡាយថាជាក្ដីសប្បាយរីករាយសម្រាប់ប្រជាជនខ្មែរ ទន្ទឹមនឹងនេះក៏ជាការបង្ហាញនូវការទទួលបាននូវដួងព្រលឹងជាតិមួយដ៏មានសារៈសំខាន់ និងជាទីមោទកៈក្នុងនាមជាជនជាតិខ្មែរ។ លោក ហ៊ុន ម៉ានី បានសម្ដែងការសាទរ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានប្រឹងប្រែងតស៊ូក្នុងការទាមទារបានជាបន្តបន្ទាប់នូវវត្ថុបុរាណនានា ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ ត្រូវបានយកចេញពីទឹកដីកម្ពុជាពីអតីតកាលឲ្យបានវិលចូលមាតុភូមិវិញ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេសដែលបានផ្ដល់កិច្ចសហការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឲ្យដំណើរទទួលបានវត្ថុបុរាណបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ។

គួររំឭកផងដែរថា ព្រះរាជាណាចក្រកម្ពុជាធ្លាប់បានទទួលជាបន្តបន្ទាប់នូវវត្ថុបុរាណជាច្រើន ត្រលប់មកពីចក្រភពអង់គ្លេស ដូចជាគ្រឿងអលង្ការមាសសម័យអង្គរ និងវត្ថុបុរាណដទៃទៀត ក៏ដូចជាទទួលបានពីបណ្ដាប្រទេសនានាដូចជាសហរដ្ឋអាមេរិក ជប៉ុន ថៃ ជាដើម៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, Hun Many

កែសម្រួលដោយ៖ BRANDMEDIA