ស្មារតីរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ៖ឯកឧត្តមហ៊ុនម៉ានី អញ្ជើញដឹកនាំអំណោយជូនពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិចំនួន១៨២គ្រួសារនៅស្រុកសំរោងទង
នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុនម៉ានី អមដំណើរដោយ ឯកឧត្តមបណ្ឌិត ជាមច័ន្ទសោភ័ណ ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋាន បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារគ្រោះធម្មជាតិ ភ្លៀង និងខ្យល់កន្ត្រាក់ ចំនួន ១៨២ គ្រួសារ នៅក្នុងឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានរងផលប៉ះពាល់កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។




















ក្នុងឱកាសជួបសំណេះសំណាលនោះដែរ ឯកឧត្តមបានសម្ដែងនូវការសោកស្ដាយជាពន់ពេក និងបានជួយសម្រប់សម្រួលទុក្ខលំបាកចំពោះមុខជូនគ្រួសាររងគ្រោះភ្លាមៗ។ សកម្មភាពមនុស្សធម៌ដ៏ទាន់ពេលវេលានេះ បានស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ចំពោះសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនទុកឱ្យនរណាម្នាក់រងគ្រោះដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ។
ទន្ទឹមនេះបងប្អូនប្រជាពលរដ្ឋដែលបានទទួលអំណោយ បានសម្ដែងនូវក្តីរំភើបជាខ្លាំង ចំពោះថ្នាក់ដឹកនាំដែលបានអញ្ជើញចុះមកដល់ផ្ទាល់និងជួយដោះស្រាយការលំបាករបស់ពួកគាត់។ពួកគាត់បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមហ៊ុនម៉ានីក៏ដូចជាក្រុមការងារទាំងអស់ដែលជានិច្ចកាលតែងតែផ្ដល់ភាពកក់ក្ដៅនិងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។











