មន្ទីរពេទ្យ ៣ កន្លែងនៅលីបង់ ត្រូវបានខូចខាតទាំងស្រុង ក្រោយការវាយប្រហារពីអ៊ីស្រាអែលត្រឹមតែប៉ុន្មានថ្ងៃ បណ្តាលឱ្យមនុស្ស ៩នាក់ស្លាប់ និងជាង ១៥០នាក់រងរបួស!
ក្រសួងសុខាភិបាលលីបង់ បានឱ្យដឹងថា មន្ទីរពេទ្យចំនួន ៣ នៅភាគខាងត្បូងប្រទេសលីបង់ បានរងការវាយប្រហារពីកងកម្លាំងអ៊ីស្រាអែលក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៩នាក់ស្លាប់ និងជាង ១៥០នាក់ទៀតរងរបួស ដែលភាគច្រើនជាបុគ្គលិកសុខាភិបាល។



យោងតាមអាជ្ញាធរ សុខាភិបាលលីបង់ ការវាយប្រហារចុងក្រោយនេះ បានកើតឡើងនៅតំបន់ភាគខាងត្បូងប្រទេសលីបង់ ដែលកំពុងរងផលប៉ះពាល់ខ្លាំងពីការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា (Hezbollah)។ មន្ទីរពេទ្យ និងមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ជាច្រើនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈសេវាព្យាបាលអ្នកជំងឺក៏ត្រូវបានរំខានយ៉ាងខ្លាំងផងដែរ។
ក្រសួងសុខាភិបាលលីបង់ បានព្រមានថា ការវាយប្រហារទៅលើមន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាល គឺជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ដែលផ្តល់ការការពារពិសេសដល់ស្ថាប័នសុខាភិបាល និងបុគ្គលិកសង្គ្រោះក្នុងតំបន់ជម្លោះ។
អង្គការសុខភាពពិភពលោក (WHO) និងអង្គការមនុស្សធម៌អន្តរជាតិជាច្រើន ក៏បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅលីបង់។ ជាមួយគ្នានេះ WHO បានកត់ត្រាការវាយប្រហារលើវិស័យសុខាភិបាលរាប់រយករណី ចាប់តាំងពីជម្លោះបានផ្ទុះឡើងវិញកាលពីខែមីនា ឆ្នាំ២០២៦ មក។
ដោយឡែក ភាគីអ៊ីស្រាអែលបានអះអាងជាញឹកញាប់ថា ក្រុមហេសបូឡាប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមួយចំនួន រួមទាំងមជ្ឈមណ្ឌលសុខាភិបាល និងរថយន្តសង្គ្រោះ ដើម្បីគាំទ្រប្រតិបត្តិការយោធារបស់ខ្លួន។ ទោះជាយ៉ាងណា អង្គការសិទ្ធិមនុស្ស និងអង្គការមនុស្សធម៌ជាច្រើន បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើការវាយប្រហារទាំងនេះ។
យ៉ាងណាមិញ ការវាយប្រហារលើមន្ទីរពេទ្យកើតឡើងស្របពេលដែលមានកិច្ចខិតខំប្រឹងប្រែងការទូតដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីស្តារបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់។ ទោះបីភាគីទាំងពីរបានយល់ព្រមលើក្របខណ្ឌអនុវត្តបទឈប់បាញ់ថ្មីក៏ដោយ ការប៉ះទង្គិច និងការវាយប្រហារតាមអាកាសនៅតែបន្តកើតមាននៅតំបន់ភាគខាងត្បូងលីបង់។
ប្រភព៖ The Guardian















