ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញបើកសន្លឹកកិច្ចការបេក្ខជន និងចាប់ផ្តើមធ្វើកំណែ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល
ព្រលឹមម៉ោង៧ព្រឹក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក្នុងនាមជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញដឹកនាំក្រុមការងារ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នសាមីទាំង៣ និងអង្គភាពពាក់ព័ន្ធ បើកសន្លឹកកិច្ចការរបស់បេក្ខជនដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌ (១)ក្រសួងយុត្តិធម៌ (២)រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និង (៣)ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាប់ផ្តើមអនុវត្តនីតិវិធីកែសន្លឹកកិច្ចការរបស់បេក្ខជន នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។
ជាមួយគ្នានេះ ដើម្បីធានាសុក្រឹត្យភាព និងផ្តល់ទំនុកចិត្តខ្ពស់នៅក្នុងដំណើរការកែសន្លឹកកិច្ចការបេក្ខជន តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងការអនុវត្តនីតិវិធីនានា គឺស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយ(ACU) អនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងអ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត។



ប្រភព៖ ក្រសួងមុខងារសាធារណៈ















