ប៉ាគីស្ថានដាក់ពង្រាយទ័ពអាកាសប្រមាណ ៨,០០០ នាក់ និងយន្តហោះចម្បាំងទៅអារ៉ាប៊ីសាអូឌីត ក្រោមកិច្ចព្រមព្រៀងរួម ដើម្បីបង្កើនសមត្ថភាពការពារសន្តិសុខក្នុងបរិបទជម្លោះមជ្ឈិមបូព៌ា
ប្រទេសប៉ាគីស្ថានបានដាក់ពង្រាយកងទ័ពប្រមាណ ៨,០០០ នាក់ រួមជាមួយយន្តហោះចម្បាំង និងប្រព័ន្ធការពារអាកាស ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីបង្កើនសមត្ថភាពការពារសន្តិសុខ ក្នុងបរិបទនៃសង្គ្រាម និងភាពតានតឹងកើនឡើងនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសសង្គ្រាមអ៊ីរ៉ង់។

តាមប្រភពសន្តិសុខ និងមន្រ្តីរដ្ឋាភិបាលដែលបានផ្តល់ព័ត៌មានឲ្យសារព័ត៌មាន Reuters បានឲ្យដឹងថា ការដាក់ពង្រាយនេះធ្វើឡើងក្រោមកិច្ចព្រមព្រៀងការពាររួមរវាងប៉ាគីស្ថាន និងអារ៉ាប៊ីសាអូឌីត ដែលបានចុះហត្ថលេខាកាលពីលើកមុន។ កិច្ចព្រមព្រៀងនេះកំណត់ថា ប្រទេសទាំងពីរនឹងផ្តល់ជំនួយយោធាគ្នាទៅវិញទៅមក ប្រសិនបើមួយក្នុងចំណោមពួកគេត្រូវបានវាយប្រហារ។
ប្រភពដដែលបានបញ្ជាក់ថា កងកម្លាំងដែលបានដាក់ពង្រាយនេះរួមមានយន្តហោះចម្បាំង JF-17 ដែលជាគម្រោងផលិតរួមរវាងប៉ាគីស្ថាន និងចិន ព្រមទាំងឧបករណ៍យោធាផ្សេងៗដូចជាដ្រូន និងប្រព័ន្ធការពារអាកាសទំនើបផងដែរ។
យ៉ាងណាមិញ បើទោះបីជាប៉ាគីស្ថានកំពុងដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការចរចាសន្តិភាពរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកក៏ដោយ ក៏ការដាក់ពង្រាយយោធានេះបានបង្ហាញពីការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងអ៊ីស្លាម៉ាបាដ និងរីយ៉ាដ ក្នុងពេលដែលស្ថានភាពតំបន់កំពុងមានភាពមិនប្រាកដប្រជា។
ប្រភព៖ Reuters















