|

កម្ពុជា និងដៃគូអភិវឌ្ឍន៍ សាទរភាពជោគជ័យនៃការអនុវត្តសាកល្បងកម្មវិធី RPL ដែលបំប្លែងពីបទពិសោធរាប់ឆ្នាំទៅជាវិញ្ញាបនបត្រសម្រាប់អតីតពលករពីប្រទេសថៃ


ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី Xiaoyan Qian នាយិកាអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ និងតំណាងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត បានចុះទស្សនកិច្ចដំណើរការកម្មវិធីការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន (RPL) នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នាសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដើម្បីសង្កេតមើលការអនុវត្តជាក់ស្តែងនៃ RPL សម្រាប់អតីតពលករក្នុងការបំប្លែងពីបទពិសោធទៅជាវិញ្ញាបនបត្រឱ្យទទួលបានការងារនិងចំណូលកាន់តែល្អប្រសើរ ក៏ដូចជាបញ្ហាប្រឈមក្នុងពេលអនុវត្តផងដែរ។

គួរបញ្ចាក់ថា មានអតីតពលករពីប្រទេសថៃជិត ១០០នាក់ (ស្រី ៧នាក់) ទទួលបានវិញ្ញាបនបត្រពីកម្មវិធី RPL នៅវិទ្យាស្ថាន BIT ចាប់តាំងពីដាក់ឱ្យអនុវត្តជាផ្លូវការនាពេលថ្មីៗនេះ ក្នុងនោះពលករចំនួន៥នាក់បានឡើងចែករំលែកបទពិសោធ និងបង្ហាញក្តីរីករាយដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីសមត្ថភាព និងជំនាញដែលមិនដែលនឹកស្មានដល់នាពេលកន្លងមក។ វិញ្ញាបនបត្រនេះពិតជាសំខាន់និងមានអត្ថប្រយោជន៍ទាំងពេលបច្ចុប្បន្ននិងអនាគត ព្រោះវាធ្វើឱ្យកាន់តែមានជំនឿចិត្តលើការងារកាន់តែខ្លាំង ជាពិសេសមានឱកាសទទួលបានប្រាក់ឈ្នួលកាន់តែខ្ពស់។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានកោតសរសើរ និងអបអរសាទរចំពោះប្អូនៗទាំង ៥នាក់ ក៏ដូចជាអ្នកទទួលបានវិញ្ញាបនបត្រផ្សេងៗទៀត ដោយឯកឧត្តមសង្កេតឃើញថា ក្រោយពីទទួលបានវិញ្ញាបនបត្រប្អូនៗហាក់បីដូចជាមានជំនឿទុកចិត្តនៅក្នុងខ្លួនកាន់តែខ្លាំង។ ដោយឡែក វិញ្ញាបនបត្រនេះអាចនឹងធ្វើឱ្យកន្លែងការងារក៏កាន់តែជឿទុកចិត្ត ព្រមទាំងពិចារណាផ្ដល់ជាកម្រៃបន្ថែមផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ បានលើកទឹកចិត្តដល់ប្អូនៗឱ្យជួយបន្តផ្សព្វផ្សាយដល់អ្នកជិតខាង និងអតីតពលករដូចគ្នាឱ្យដាក់ពាក្យធ្វើតេស្តប្រឡងទទួលវិញ្ញាបនបត្រពីកម្មវិធី RPL ដោយឥតគិតថ្លៃនេះ តាមរយៈការឧបត្ថម្ភពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រោះថាប្អូនៗជាអ្នកដែលស័ក្តិសមនិងពូកែក្នុងការជួយផ្សាយប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។ បន្ថែមពីនេះ ក្រសួងក៏បានពិចារណាក្នុងការសម្រួលលក្ខខណ្ឌដាក់ពាក្យប្រឡង ជាពិសេសលើកទឹកចិត្តដល់អតីតពលករជាស្រ្តីឱ្យបានកាន់តែច្រើន។

ជាងនេះទៅទៀត ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ ការផ្តល់នូវធាតុចូលយ៉ាងផុសផុលពីសំណាក់អ្នកចូលរួមពាក់ព័ន្ធ និងសំណូមពរ ដើម្បីឱ្យដំណើរការនៃការអនុវត្តកម្មវិធី RPL កាន់តែមានភាពរលូន និងកាន់តែទទួលបានការចុះឈ្មោះចូលរួមប្រឡង និងទទួលវិញ្ញាបនបត្រកាន់តែខ្ពស់ថែមទៀត៕

ប្រភព៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ