អគ្គនាយកដ្ឋាន «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម រកឃើញទំនិញស្ករស ដែលមានអក្សរថៃ ត្រូវបានវេចខ្ចប់ឡើងវិញជាអក្សរវៀតណាម ក្នុងចេតនា ”បន្លំប្រភព” ដើម្បីចែកចាយលក់ក្នុងទីផ្សារកម្ពុជា
អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានចូលរួមជាមួយកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពត ដឹកនាំដោយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានរកឃើញថាមាន ផលិតផលទំនិញស្ករសច្រកបាវមានស្លាកសញ្ញាជាអក្សរថៃ (ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ) និងត្រូវបានយកមក វេចខ្ចប់ឡើងវិញប្តូរបាវមានស្លាកសញ្ញាជាអក្សរវៀតណាម ក្នុងចេតនានៃការបន្លំប្រភព ហើយសង្ស័យអាចមាន ការចែកចាយលក់នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា។



ក្នុងន័យនេះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានធ្វើការណែនាំ និងស្នើសុំកិច្ចសហការ ចំពោះពាណិជ្ជករ អាជីវករជាអ្នកនាំចូល លក់ និងចែកចាយ មិនត្រូវនាំចូល លក់ ចែកចាយ ផ្គត់ផ្គង់ ឬ វេចខ្ចប់ឡើងវិញ នូវផលិតផលទំនិញស្ករសបំពាក់ម៉ាកសញ្ញាថៃ KBS REFINED SUGAR និង TRR GROUP REFINED SUGAR ឬស្ករសច្រកបាវមានភ្ជាប់ម៉ាកសញ្ញាអក្សរវៀតណាម (មានភ្ជាប់ក្នុង ឧបសម្ព័ន្ធ) ក្នុងចេតនាក្លែងបន្លំប្រភពនៃទំនិញ ជាដាច់ខាត។
ជាមួយគ្នានេះ ត្រូបបន្តសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដើម្បីអនុវត្តនីតិវិធីអង្កេតដាន ស្វែងរកប្រភពផលិតនាំចូល ចែកចាយផលិតផលទាំងនោះ និងការយកសំណាកគំរូមកវិភាគនៅមន្ទីរ ពិសោធន៍ដើម្បីស្វែងរកមុខសញ្ញានៃគ្រោះជាយថាហេតុ ជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ សុវត្ថិភាពផលិតផលសម្រាប់លក់ជូនអ្នកប្រើប្រាស់។
ដោយឡែក ចំពោះអ្នកប្រើប្រាស់ និងសាធារណជន គួរជៀសវាងការទិញ នូវ ផលិតផលទំនិញស្ករសបំពាក់ម៉ាក សញ្ញាថៃ KBS REFINED SUGAR និង TRR GROUP REFINED SUGAR ឬស្ករសច្រកបាវមាន ភ្ជាប់ម៉ាកសញ្ញាអក្សរវៀតណាម (មានភ្ជាប់ក្នុងឧបសម្ព័ន្ធ) ព្រមទាំងរាយការណ៍មកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក្នុងករណីសង្ស័យមានផលិតផលទំនិញមិនប្រក្រតីណាមួយលក់ ចែកចាយ ផ្គត់ផ្គង់ ក្នុងទីផ្សារ។
ប្រភព៖ ក្រសួងពាណិជ្ជកម្ម












