|

អាជ្ញាធរសហរដ្ឋអាមេរិក ចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅរដ្ឋកាលីហ្វ័រញ៉ា ឃាត់ខ្លួនមនុស្ស ១៨ នាក់ និងរឹបអូសគ្រឿងញៀនហ្វេនតានីល ៤០ ផោន មានតម្លៃជិត ១០ លានដុល្លា


ទីភ្នាក់ងារអនុវត្តច្បាប់សហព័ន្ធ និងមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយ នៅតំបន់ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ដោយចាប់ខ្លួនជនសង្ស័យចំនួន ១៨ នាក់ និងរឹបអូសថ្នាំញៀនហ្វេនតានីលប្រមាណ ៤០ ផោន។

ប្រតិបត្តិការនេះ ត្រូវបានដឹកនាំដោយរដ្ឋបាលអនុវត្តច្បាប់គ្រឿងញៀនសហរដ្ឋអាមេរិក (DEA) សហការជាមួយនាយកដ្ឋានប៉ូលិសទីក្រុងឡូសអាន់ជឺឡេស (LAPD) ដោយផ្តោតសំខាន់លើតំបន់ MacArthur Park និងបានពង្រីកទៅដល់ Calabasas, San Gabriel និងតំបន់ South Los Angeles។

យោងតាម DEA ក្នុងរយៈពេល ២៤ ម៉ោង អាជ្ញាធរសហរដ្ឋអាមេរិក បានអនុវត្តដីកាឆែកឆេរចំនួន ៩ កន្លែង ក្នុងនោះ ៦ កន្លែងស្ថិតនៅ MacArthur Park និង ៣ កន្លែងទៀតនៅ Calabasas, San Gabriel និង South L.A.។

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានឱ្យដឹងថា ជនសង្ស័យទាំង ១៨ នាក់ ត្រូវបានចាប់ខ្លួនក្រោមបទចោទពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនសហព័ន្ធ ខណៈជនជាប់ចោទសរុបចំនួន ២៥ នាក់ ត្រូវបានចោទប្រកាន់ពីបទកាន់កាប់ និងចែកចាយសារធាតុគ្រប់គ្រង។ បច្ចុប្បន្ន មនុស្ស ៧ នាក់ទៀត កំពុងត្រូវបានតាមចាប់ខ្លួន។

ជាមួយគ្នានេះ លោក Bill Essayli ជំនួយការទីមួយរបស់ព្រះរាជអាជ្ញាសហរដ្ឋអាមេរិក បានថ្លែងថា អាជ្ញាធរបានរឹបអូសហ្វេនតានីលជិត ១៩ គីឡូក្រាម ដែលមានតម្លៃប៉ាន់ស្មានចន្លោះពី ៨ លានដុល្លារ ដល់ ១០ លានដុល្លារ ហើយជឿថា គ្រឿងញៀនទាំងនេះ មានប្រភពពីក្រុមជួញដូរគ្រឿងញៀន Sinaloa cartel។

ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ប្រតិបត្តិការដែលមានឈ្មោះថា “Operation Free MacArthur Park” មានគោលបំណងបង្ក្រាបទីផ្សារគ្រឿងញៀនក្រៅច្បាប់ ដែលកំពុងរីករាលដាលនៅក្នុងតំបន់ឧទ្យាន MacArthur Park ជាពិសេសការជួញដូរ fentanyl និង methamphetamine ក្នុងបរិមាណធំ។ អាជ្ញាធរ ក៏បានបញ្ជាក់ផងដែរថា ប្រតិបត្តិការនេះ មិនមែនជាការបង្ក្រាបអន្តោប្រវេសន៍ឡើយ។

លោក Essayli បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវបានចាត់ទុកថាជា “អ្នកជួញដូរគ្រឿងញៀនលេខ ១” នៅតំបន់ឧទ្យាន MacArthur Park ដែលរស់នៅទីក្រុង Calabasas ត្រូវបានឃុំខ្លួនដោយសហព័ន្ធ និងប្រឈមមុខនឹងទោសជាប់ពន្ធនាគារអស់មួយជីវិត។

លោកបានបន្ថែមថា ប្រតិបត្តិការនេះ មិនមែនជាការបង្ក្រាបតែមួយលើកនោះទេ ហើយអាជ្ញាធរនឹងបន្តសកម្មភាពបន្ថែមទៀតនៅតំបន់នេះ។

ចំណែកលោក Jim McDonnell ប្រធាន LAPD បានថ្លែងថា ការជួញដូរគ្រឿងញៀននៅតំបន់នេះ មិនមែនធ្វើឡើងដោយអ្នកលក់តាមដងផ្លូវតែប៉ុណ្ណោះទេ ប៉ុន្តែមានការគាំទ្រពីក្រុមឧក្រិដ្ឋជន ក្រុមក្មេងទំនើងតាមដងផ្លូវ និងបណ្តាញជួញដូរគ្រឿងញៀនធំៗផងដែរ។

ក្រសួងយុត្តិធម៌ បាននិយាយថា តំបន់ MacArthur Park គឺជាតំបន់ដែលមានអត្រាភាពក្រីក្រ និងភាពគ្មានទីជម្រកខ្ពស់ ហើយក្លាយជាកន្លែងសំខាន់សម្រាប់ការទិញ និងប្រើប្រាស់គ្រឿងញៀន ជាពិសេស fentanyl និង methamphetamine។

ដោយឡែក លោក Anthony Chrysanthis ភ្នាក់ងារពិសេសទទួលបន្ទុក DEA បានថ្លែងថា អាជ្ញាធរកំពុងផ្ញើសារព្រមានយ៉ាងច្បាស់ទៅកាន់បណ្តាញឧក្រិដ្ឋកម្មថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឱ្យក្រុមទាំងនេះបន្តប្រតិបត្តិការនៅក្នុងសហគមន៍ទៀតឡើយ។

ប្រភព៖ ABC7