|

មនុស្ស ៣ នាក់ទៀតស្លាប់ ខណៈចំនួនអ្នកស្លាប់សរុបកើនដល់ ១៨៥ នាក់ ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនតាមសមុទ្ររបស់អាមេរិក


កងទ័ពសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានបើកការវាយប្រហារលើទូកមួយគ្រឿងដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹង “ប្រតិបត្តិការជួញដូរគ្រឿងញៀន” នៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងកើត ដែលបណ្តាលឱ្យមនុស្ស ៣ នាក់នៅលើនោះបាត់បង់ជីវិត។ ការវាយប្រហារចុងក្រោយនេះ បានធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងយុទ្ធនាការយោធាប្រឆាំងនឹងក្រុមឧក្រិដ្ឋជនកាតែល កើនឡើងដល់យ៉ាងហោចណាស់ ១៨៥ នាក់ នេះបើយោងតាមការចងក្រងទិន្នន័យដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បញ្ជាការដ្ឋានភាគខាងត្បូងរបស់សហរដ្ឋអាមេរិក (Southern Command) បានបញ្ជាក់តាមរយៈបណ្តាញសង្គម X ថា នាវាដែលរងការវាយប្រហារនោះ ត្រូវបានបញ្ជាដោយ “អង្គការភេរវករដែលត្រូវបានកំណត់អត្តសញ្ញាណ” ហើយផ្អែកតាមទិន្នន័យស៊ើបការណ៍សម្ងាត់ នាវានេះកំពុងធ្វើដំណើរតាមផ្លូវជួញដូរគ្រឿងញៀនដែលគេស្គាល់ជាទូទៅ។ យោធាក៏បានបង្ហោះវីដេអូដែលបង្ហាញពីសកម្មភាពវាយប្រហារ រហូតដល់បង្កជាការផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅនៅកណ្តាលសមុទ្រ។

ទោះជាយ៉ាងណា យុទ្ធនាការដែលបានចាប់ផ្តើមតាំងពីខែកញ្ញាមកនេះ កំពុងរងការរិះគន់ និងការជជែកដេញដោលយ៉ាងខ្លាំងជុំវិញភាពស្របច្បាប់ ដោយសាររដ្ឋបាលលោក ត្រាំ មិនទាន់បានផ្តល់ភស្តុតាងច្បាស់លាស់ពីការជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនរបស់នាវាទាំងនោះនៅឡើយ។ អ្នកជំនាញផ្នែកច្បាប់ និងអង្គការសិទ្ធិមនុស្សបានលើកឡើងថា ការវាយប្រហារនេះអាចចាត់ទុកថាជា “ការសម្លាប់ក្រៅប្រព័ន្ធតុលាការ” (Extrajudicial killings) ព្រោះវាហាក់ដូចជាការដៅចំគោលដៅជនស៊ីវិល ដែលមិនបានបង្កការគំរាមកំហែងដោយអាវុធភ្លាមៗដល់សហរដ្ឋអាមេរិក។

យុទ្ធនាការនេះបានកើនកម្ដៅកាន់តែខ្លាំង បន្ទាប់ពីការចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolás Maduro កាលពីខែមករាកន្លងទៅ ក្រោមបទចោទជួញដូរគ្រឿងញៀន។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុង “ជម្លោះប្រដាប់អាវុធ” ជាមួយក្រុមឧក្រិដ្ឋជនកាតែលនៅអាមេរិកឡាទីន ហើយលោកបានចាត់ទុកការវាយប្រហារតាមអាកាស និងសមុទ្រទាំងនេះ គឺជាវិធានការចាំបាច់ដើម្បីទប់ស្កាត់លំហូរគ្រឿងញៀនចូលទៅក្នុងទឹកដីអាមេរិក៕

ប្រភព៖ The Guardian