|

មនុស្ស ៣ នាក់បាត់ខ្លួន ក្រោយដួលរលំអគារក្នុងទីក្រុង Görlitz ប្រទេសអាល្លឺម៉ង់ សង្ស័យបណ្តាលមកពីការផ្ទុះឧស្ម័ន


អាជ្ញាធរអាល្លឺម៉ង់កំពុងដឹកនាំប្រតិបត្តិការស្វែងរក មនុស្សចំនួន ៣ នាក់បានបាត់ខ្លួន និងជួយសង្គ្រោះជាបន្ទាន់ បន្ទាប់ពីអគារមួយបានដួលរលំនៅទីក្រុង Görlitz ភាគខាងកើតប្រទេសអាល្លឺម៉ង់ ក្បែរព្រំដែនប្រទេសប៉ូឡូញ ។

តាមព័ត៌មានពីប៉ូលិសអាល្លឺម៉ង់ ការដួលរលំនេះអាចបណ្តាលមកពីការផ្ទុះឧស្ម័ន ប៉ុន្តែមូលហេតុពិតប្រាកដនៅតែស្ថិតក្រោមការស៊ើបអង្កេត។ ក្រុមសង្គ្រោះបន្ទាន់ រួមមានប៉ូលិស អ្នកពន្លត់អគ្គិភ័យ និងក្រុមជួយសង្គ្រោះបច្ចេកទេស (THW) បានចូលរួមប្រតិបត្តិការនៅកន្លែងកើតហេតុភ្លាមៗ ដោយប្រុងប្រយ័ត្នខ្លាំងបំផុត ដោយសារមានការព្រួយបារម្ភអំពីការលេចធ្លាយឧស្ម័នបន្ថែមទៀត។

គួរបញ្ជាក់ថា អគារដែលបានដួលរលំនេះជាអគារប្រវត្តិសាស្ត្រ ដែលមានផ្ទះជួលបន្ទប់ស្នាក់នៅសម្រាប់ភ្ញៀវទេសចរ ហើយតំបន់ Görlitz គឺជាទីក្រុងមានប្រជាជនប្រហែល ៥៧,០០០ នាក់ និងល្បីខាងស្ថាបត្យកម្មចាស់ និងការថតភាពយន្តអន្តរជាតិ។

ប្រភព៖ ABC