ម៉ាឡេស៊ីប្រកាស បញ្ចេញថវិកាប្រមាណ ១.២៧ ពាន់លានដុល្លារ ដើម្បីគាំទ្រសហគ្រាសខ្នាតតូចមធ្យម និងមធ្យម ដែលរងផលប៉ះពាល់ពីវិបត្តិប្រេងសកល
ក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីបានប្រកាសពីវិធានការថ្មីៗជាច្រើន កាលពីថ្ងៃចន្ទ ថ្ងៃទី២០ ខែមេសា ដើម្បីគាំទ្រដល់សហគ្រាសខ្នាតតូចមធ្យម និងមធ្យម (MSMEs) ដែលរងផលប៉ះពាល់ដោយវិបត្តិថាមពលពិភពលោក និងសម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំងឡើង។

តាមសេចក្តីថ្លែងការណ៍ផ្លូវការ រដ្ឋាភិបាលបានបែងចែកថវិកាចំនួន ៥ ពាន់លានរីងហ្គីត (ប្រមាណ ១.២៧ ពាន់លានដុល្លារអាមេរិក) ដើម្បីផ្តល់ការធានាផ្នែកហិរញ្ញវត្ថុដល់អាជីវកម្មរងផលប៉ះពាល់ ដោយអាចគ្របដណ្តប់រហូតដល់ ៨០ ភាគរយ និងមានរយៈពេលធានារហូតដល់ ១០ ឆ្នាំ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបញ្ជាក់ថា វិធានការថ្មីនេះ គឺជាការកែលម្អពីគម្រោងមុន ដែលផ្តល់ការគ្របដណ្តប់ត្រឹម ៧០ ភាគរយ និងរយៈពេលធានា ៧ ឆ្នាំប៉ុណ្ណោះ។ មូលនិធិនេះនឹងត្រូវអនុវត្តតាមរយៈក្រុមហ៊ុន Syarikat Jaminan Pembiayaan Perniagaan (SJPP) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងហិរញ្ញវត្ថុ។
វិធានការនេះមានគោលបំណងគាំទ្រវិស័យសំខាន់ៗដែលរងផលប៉ះពាល់ ដូចជា សំណង់ កសិកម្ម និងឧស្សាហកម្មកសិ-ម្ហូបអាហារ ភស្តុភារកម្ម ការដឹកជញ្ជូន និងវិស័យទេសចរណ៍។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា រដ្ឋាភិបាលកំពុងចាត់វិធានការយ៉ាងឆាប់រហ័ស ដោយផ្អែកលើមតិយោបល់ផ្ទាល់ពីវិស័យឯកជន ដើម្បីធានាថា ជំនួយទាំងនេះអាចទៅដល់អ្នកដែលត្រូវការពិតប្រាកដ និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលក៏បានសម្រេចពង្រីករយៈពេលអន្តរកាលសម្រាប់ការអនុវត្តវិក្កយបត្រអេឡិចត្រូនិក (e-invoicing) រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៧ សម្រាប់អាជីវកម្មដែលមានចំណូលប្រចាំឆ្នាំចន្លោះពី ១ លានដល់ ៥ ពាន់លានរីងហ្គីត។ វេទិកាឌីជីថលនេះត្រូវបានរំពឹងថានឹងជួយបង្កើនប្រសិទ្ធភាពនៃការរាយការណ៍ និងការប្រមូលពន្ធផងដែរ។
បន្ថែមពីនេះ រដ្ឋាភិបាលក៏កំពុងពិចារណាលើការលើកលែងពន្ធនាំចូល និងពន្ធលើការលក់ជាបណ្ដោះអាសន្ន សម្រាប់ទំនិញដែលត្រូវបាននាំចូលត្រឡប់មកវិញ ដោយសារការរំខានក្នុងដំណើរការនាំចេញដែលបង្កឡើងដោយជម្លោះអន្តរជាតិនៅមជ្ឈឹមបូព៌ា។
លោកនាយករដ្ឋមន្រ្តី បានបន្តថា “នេះមិនមែនជាបញ្ហាបណ្តោះអាសន្នទេ។ យើងត្រូវតែត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរដែលអាចបន្តរយៈពេលវែង” លោកបានបន្ថែម។
ដោយឡែក លោកបានចាត់ទុក វិធានការថ្មីនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់សេដ្ឋកិច្ចដែលកើតឡើងពីភាពតានតឹងភូមិសាស្ត្រនយោបាយ និងវិបត្តិថាមពលសកល។
ប្រភព៖ CNA















