ប្រមុខ NATO ទទូចឲ្យអឺរ៉ុប «ប្រញាប់ប្រញាល់» ជួយក្នុងសង្គ្រាមអ៊ីរ៉ង់ និងអះអាងថា “ពេលនេះសម្ព័ន្ធមិត្តអឺរ៉ុប កំពុងធ្វើអ្វីដែលអាមេរិកបានស្នើសុំហើយ»!
អគ្គលេខាធិការអង្គការសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង (ណាតូ) លោក Mark Rutte បានបញ្ជាក់ថា ប្រទេសសមាជិកអឺរ៉ុប កំពុងបង្កើនល្បឿននៃការគាំទ្រដល់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារចុងក្រោយដែលបានបង្កឱ្យមានភាពតានតឹងក្នុងសម្ព័ន្ធភាព។

ថ្លែងនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ លោក Rutte បានព្យាយាមបន្ធូរភាពតានតឹងរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមាជិកណាតូ ដែលមានអារម្មណ៍ថាត្រូវបានរិះគន់ដោយអយុត្តិធម៌។ លោកបានសង្កត់ធ្ងន់ថា សម្ព័ន្ធភាពនៅតែមានភាពរឹងមាំ និងមិនស្ថិតក្នុងគ្រោះថ្នាក់ទេ ទោះបីជាមានការខ្វែងគំនិតគ្នាក្នុងការឆ្លើយតបចំពោះវិបត្តិនៅមជ្ឈិមបូព៌ាក៏ដោយ។
ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំដ៏តានតឹងមួយរវាងមេដឹកនាំទាំងពីរ កាលពីថ្ងៃពុធ ដែលផ្តោតលើស្ថានភាពនៅច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់របស់ពិភពលោក ហើយត្រូវបានអ៊ីរ៉ង់រារាំង។ កិច្ចប្រជុំនោះបាននាំឱ្យមានដំណោះស្រាយជាក់ស្តែងមួយចំនួន ដើម្បីធានាថាច្រកសមុទ្រនេះនៅតែត្រូវបានបើក។
ជាមួយគ្នានេះ លោក Rutte បាននិយាយថា កិច្ចប្រជុំនេះជា “ភាពស្មោះត្រង់” ហើយទទួលស្គាល់ថា លោក ត្រាំ មានការខកចិត្តចំពោះការគាំទ្រយោធាពីសម្ព័ន្ធមិត្តអឺរ៉ុបដែលមិនទាន់ចិត្ត និងឆាប់រហ័សតាមការរំពឹងទុក។ ទោះយ៉ាងណា លោកបានអះអាងថា បច្ចុប្បន្នប្រទេសសមាជិកកំពុងអនុវត្តតាមការស្នើសុំរបស់សហរដ្ឋអាមេរិក។
លោកបានមានប្រសាសន៍ថា៖ «សម្ព័ន្ធមិត្តកំពុងធ្វើអ្វីគ្រប់យ៉ាងដែលសហរដ្ឋអាមេរិកបានស្នើសុំហើយ»។
ទន្ទឹមនឹងនេះ លោក Rutte បានទទួលស្គាល់ថា ប្រទេសសមាជិកមួយចំនួនមានការយឺតយ៉ាវក្នុងការផ្តល់ជំនួយផ្នែកភស្តុភារ និងការគាំទ្រផ្សេងៗ ប៉ុន្តែបានបញ្ជាក់ថា “ពួកគេក៏មិនបានរំពឹងថានឹងមានយុទ្ធនាការវាយប្រហារតាមអាកាសដ៏ធំបែបនេះដែរ”។
លោកបានបន្ថែមថា បន្ទាប់ពីការវាយប្រហារ ប្រទេសសមាជិកណាតូត្រូវ “ប្រញាប់ប្រញាល់” ដើម្បីឆ្លើយតប ដោយប្រទេសមួយចំនួនបានបិទអាកាសយានដ្ឋានពាណិជ្ជកម្ម ដើម្បីអនុញ្ញាតឱ្យយន្តហោះដឹកប្រេងរបស់សហរដ្ឋអាមេរិកដំណើរការ។ ប្រទេសសមាជិកក៏កំពុងស្វែងរកវិធីផ្សេងៗ ដើម្បីធានាថាច្រកសមុទ្រ Hormuz នៅតែបើកចំហដដែល។
ប្រភព៖ Politico















