ឯកឧត្ដម លី ធុជ ស្នើសុំឱ្យសហភាពអឺរ៉ុបបន្តគាំទ្រ ការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកដោយយោធាថៃ និងចក្ខុវិស័យមួយ ឆ្ពោះទៅរកកម្ពុជាដែលគ្មានមីន!
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Cosmin Dobran នាយកទទួលបន្ទុកសន្តិភាព ភាពជាដៃគូ និងគ្រប់គ្រងវិបត្តិ នៃអង្គភាពសេវាកិច្ចការបរទេសរបស់សហភាពអ៊ឺរ៉ុប (European External Action Service_EEAS) និងគណៈប្រតិភូ ដើម្បីផ្លាស់ប្តូរយោបល់ពីស្ថានភាពព្រំដែននិងការគាំទ្រកិច្ចការបោសសម្អាតមីន។



ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រហូតទទួលបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ជាប្រទេសឈានមុខគេក្នុងកិច្ចការបោសសម្អាតមីន។
ដោយឡែក សមិទ្ធផលទាំងនេះ ឯកឧត្ដមទេសរដ្ឋមន្រ្តី ក៏បានលេីកឡេីងនូវបញ្ហាប្រឈមនានាដែលកំពុងកេីតមានឡេីងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលមានភាពស្មុគស្មាញ និងមានផលប៉ះពាល់ខ្លាំង ក៏ដូចជាបានបន្សល់ទុកបន្ថែមដោយកម្លាំងយោធាថៃ កាលពីសង្រ្គាមកម្ពុជា-ថៃពីរលេីកក្នុងឆ្នាំ២០២៥ កន្លងទៅនេះ។
យ៉ាងណាមិញ ដេីម្បីដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ជូនគណៈប្រតិភូសហភាពអឺរ៉ុប ពីយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះសង្រ្គាម។
ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើសុំឱ្យសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគាំទ្រដល់ការបោសសម្អាតមីនដែលទេីបស្រាវជ្រាវរកឃើញថ្មី និងយុទ្ធភណ្ឌគ្រឿងផ្ទុះដែលបន្សល់ក្នុងសង្រ្គាមកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥។
ប្រភព៖ អាជ្ញាធរមីន















