|

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់៖ ការប្រតិបត្តិសាសនាប្រកបដោយភាពសុខដុមនីយកម្ម ជាវប្បធម៌ដែលយើងមិនត្រូវមើលរំលងឡើយ ព្រោះវាជាផ្នែកមួយនៃសន្តិភាព និងការអភិវឌ្ឍប្រទេស


ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលឥស្លាមភ្នំពេញ បានលើកឡើងបែបនេះ ក្នុងឱកាស
ចូលរួម ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌនឆ្នាំ២០២៦ រៀបចំដោយមជ្ឈមណ្ឌលឥស្លាមភ្នំពេញ នៅវិហារឥស្លាមអាល់សារកាល់ បឹងកក់ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «ការដែលមើលរំលង ពីភាពសុខដុមបនីយកម្មក្នុងសាសនា មើលស្រាលមិនបានផ្តល់ តម្លៃដល់អ្នកខិតខំប្រឹងប្រែងគ្រប់គ្រងសាសនា ដែលអ្នកដែលបានខិតខំណែនាំឱ្យមនុស្សម្នាឱ្យដើរតាមគន្លងធម៌ សាសនាដ៏ល្អផូរផង់ត្រឹមត្រូវល្អនោះ គឺច្បាស់ណាស់ថានៅពេលណាមួយ ផ្នែកមួយនៃសុខសន្តិភាព ក៏នឹងអាច បាត់បង់ទៅវិញពុំខានឡើយ»។

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានបញ្ជាក់ផងដែរថា សម្រាប់សហគមន៍ បងប្អូនខ្មែរឥស្លាមរស់នៅប្រកបដោយសុខសុវត្ថិភាព និងមានការីកចម្រើនជាលំដាប់ និងទទួលបានសិទ្ធសេរីភាពគោរពជំនឿសាសនាយ៉ាងពេញលេញ ដែលបងប្អូនសាសនិកឥស្លាមតែងតែមាន មោទនភាពថា យើងទាំងអស់គ្នាមានសំណាងណាស់ដែលបានកើតលើទឹកដីកម្ពុជាដ៏ស្រស់បវរ ដែលមានពុទ្ធសាសនាជាសាសនារបស់រដ្ឋ មានថ្នាក់ដឹកនាំកំពូលជាពុទ្ធសាសនិក តែបានយកចិត្តទុកដាក់លើគ្រប់សាសនា ទាំងអស់ ពិសសទៅទៀតដល់សាសនិកឥស្លាម លើសពីបណ្តាប្រទេសមួយចំនួន” ដែលបណ្តាប្រទេសជាច្រើន ពិសេសអង្គការសហប្រតិបត្តិការឥស្លាម OIC ដែលមានរដ្ឋជាសមាជិក៥៧ប្រទេស ជាអង្គការធំទី២បន្ទាប់ពីអង្គការសហប្រជាជាតិ (UN) បានកោតសរសើរថា កម្ពុជាគឺជាប្រទេសឈាននមុខគេ ក្នុងការធ្វើឱ្យមាននូវសុខដុមនី យកម្មជាតិសាសន៍និងសាសនា។

ជាមួយគ្នានេះដែរ ក្នុងនាមជាសមាជិករាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍ខ្មែរឥស្លាមកម្ពុជា ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងឯកឧត្តម Dato’ Seri Utama Mohamad Hassan (Tok Mat) រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី ដែលបានខិតខំសម្របសម្រួលក្នុងនាមជាប្រធានអាស៊ានកន្លងទៅនាំឱ្យសម្រេចបាននូវបទឈប់បាញ់ទាំងពីរលើក និងបានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ។

ឯកឧត្ដមបណ្ឌិត ទេសរដ្ឋមន្រ្ដីក៏បានចូលរួមផ្ដល់អនុសាសន៍ដល់បងប្អូនខ្មែរឥស្លាម ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំថែមទៀត កុំឱ្យមានការប្រេះស្រាំ បែកបាក់ដោយសារតែទស្សនៈខុសគ្នា ឬការជ្រៀតជ្រែកដោយមនោគមវិជ្ជាជ្រុលនិយមបរទេស។

ម៉្យាងវិញទៀត ឯកឧត្ដមបណ្ឌិត បានណែនាំចំពោះក្មួយៗជានិស្សិត និងយុវជនដែលអនាគតជាអ្នកដឹកនាំ ត្រូវខិតខំពង្រឹងសមត្ថភាព ខិតខំសិក្សារៀនសូត្រ ជាពិសេសលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតជាដើម។ ទន្ទឹមនេះ សូមក្មួយៗ និងបងប្អូនខ្មែរឥស្លាមទាំងអស់ប្រុងប្រយ័ត្នក្នុងការលេងបណ្តាញសង្គម ជាពិសេសត្រូវដឹងថា ព័ត៌មានណាជាព័ត៌មានពិត និងព័ត៌មានណាជាព័ត៌មានក្លែងក្លាយ និងញុះញង់។ ការដែលខ្វះខាតនូវអក្ខរកម្មព័ត៌មាន និងឌីជីថល ធ្វើឱ្យយើងចាញ់បោកជនឆ្លៀតឱកាស ដែលញុះញង់ឱ្យយើងបែកបាក់សាមគ្គីភាព និងសុខដុមនីយកម្មជាតិសាសន៍និងសាសនា។

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានជំរុញដល់សហគមន៍ឥស្លាមត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងគ្រាលំបាកដែលប្រទេសជាតិកំពុងរងនូវការ ឈ្លានពាន និងវិបត្តិសេដ្ឋកិច្ចសកល ហើយត្រូវបន្តរួមចំណែកជួយបងប្អូនជនភៀសសឹក និងវីរៈកងទ័ព ជួរមុខដែលខិតខំបូជាសាច់ស្រស់ ឈាមស្រស់ការពារបូរណភាពទឹកដីជាទីស្រឡាញ់របស់យើង។

ប្រភព៖ ក្រសួងព័ត៌មាន