អ៊ុយក្រែន បញ្ជូនក្រុមជំនាញយោធាទៅមជ្ឈិមបូព៌ា ជួយអាមេរិកទប់ទល់ការវាយប្រហារពីដ្រូនអ៊ីរ៉ង់
កាលពីថ្ងៃទី៤ ខែមីនា ២០២៦ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសថា ប្រទេសរបស់លោក កំពុងបញ្ជូនក្រុមជំនាញការផ្នែកយោធា ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីផ្តល់ប្រឹក្សា និងរៀបចំផែនការទប់ទល់នឹងការវាយប្រហារដោយមីស៊ីល និងដ្រូនពីសំណាក់អ៊ីរ៉ង់។

ប្រធានាធិបតីហ្សេលេនស្គីបានឲ្យដឹងថា ដ្រូនប្រភេទ “Shaheds” របស់អ៊ីរ៉ង់ គឺមានសភាពស្រដៀងនឹងដ្រូនដែលរុស្ស៊ីប្រើក្នុងការវាយប្រហារអ៊ុយក្រែន។ ក្នុងពេលថ្មីៗនេះ អ៊ីរ៉ង់បានបាញ់បង្ហោះមីស៊ីលជាង ៨០០ គ្រាប់ និងដ្រូនវាយប្រហារជាង ១៤០០ ឯកតា ដែលជាកត្តាសំខាន់ក្នុងការបង្កភាពអស្ថិរភាពលើទីផ្សារប្រេង និងហ្គាសពិភពលោក។
ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា លោកកំពុងពិភាក្សាជាមួយដៃគូនានាក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីស្វែងរកវិធានការជួយប្រទេសដែលពាក់ព័ន្ធ និងផ្តល់ជំនួយដោយមិនធ្វើឲ្យស្ថានភាពការពារជាតិអ៊ុយក្រែនខ្សោយឡើយ។ ព្រមទាំងបានធ្វើការពិភាក្សាជាមួយមេដឹកនាំនៃប្រទេសជិតខាងអ៊ីរ៉ង់ រួមមាន អារ៉ាប់រួម, កាតា, ហ្សកដានី និងបារ៉ែន និងរៀបចំផែនការពិភាក្សាជាមួយគុយវ៉ែត និងប្រទេសផ្សេងទៀតក្នុងតំបន់។
ប្រភព៖ The Hill














