|

ឯកឧត្តម ប្រាក់ សុខុន៖ ពិភពលោកបច្ចុប្បន្នកំពុងទទួលបានការពិតដ៏អាក្រក់ថា “អំណាចក្លាយជាសិទ្ធិ” និង “អ្នកខ្លាំងអាចធ្វើអ្វីតាមដែលពួកគេចង់ ខណៈដែលអ្នកខ្សោយត្រូវទទួលរងនូវអ្វីដែលពួកគេត្រូវតែទទួលរង”


នៅសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ក្រោម មូលបទ «រួមគ្នាដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស» ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងសុន្ទរកថាដែលបានលើកឡើងពី សន្តិភាព អភិវឌ្ឍន៍ និងការចូលរួមអន្តរជាតិរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងការរួមចំណែកដល់សន្តិភាពពិភពលោក។

ឯកឧត្តម បានមានប្រសាសន៍ថា មូលបទសម្រាប់ឆ្នាំនេះមិនមែនគ្រាន់តែជាពាក្យស្លោកប៉ុណ្ណោះទេ ប៉ុន្តែគឺជាការក្រើនរំលឹកជាឧឡារឹក នូវការសន្យាថា អង្គការសហប្រជាជាតិនឹងបន្តរស់រានបាន ដរាបណាតែយើងរួមគ្នាថែរក្សាឱ្យបានគង់វង្សនូវ សាមគ្គីភាពរវាងប្រទេសនិងប្រទេស ក៏ដូចជាប្រជាជននិងប្រជាជន ហើយការវាស់វែងនូវភាពជោគជ័យគឺ មិនត្រូវគិតចង្អៀតត្រឹមតែកម្រិតថ្នាក់ជាតិប៉ុណ្ណោះទេ តែត្រូវគិតអំពីសុខមាលភាពរួមនៃប្រជាពលរដ្ឋរបស់ ពិភពលោកទាំងមូល។

ក្នុងឱកាសនេះ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោយសង្គ្រាមសកលលោកកាលពីប្រាំបីទសវត្សរ៍កន្លងទៅ ក្រុមប្រទេសតូចធំទាំងឡាយបានរួបរួមគ្នាក្រោម ចក្ខុវិស័យតែមួយគត់នោះគឺ សន្តិភាព ការអភិវឌ្ឍ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស អាចសម្រេចបានតែតាមរយៈ សកម្មភាពរួមគ្នាប៉ុណ្ណោះ។ ទោះបីជាយ៉ាងនេះក្តី ខណៈពេលដែលយើងប្រមូលផ្តុំគ្នាដើម្បីអបអរសាទរដំណាក់កាលប្រវត្តិសាស្ត្រ ដ៏សំខាន់នេះ គោលការណ៍ពហុភាគីកំពុងប្រឈមមុខនឹងការសាកល្បងដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានរាប់ជំនាន់មកហើយ។

ឯកឧត្តមបានបន្តថា ការបែងចែកក្នុងភូមិសាស្ត្រនយោបាយមានសភាពកាន់តែជ្រាលជ្រៅ ខណៈដែលការប្រកួត ប្រជែងរវាងអំណាចធំៗបានធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខជួបនឹងបញ្ហាអសមត្ថភាពជាញឹកញាប់ ដែលទុកឱ្យ វិបត្តិជាច្រើននៅទូទាំងពិភពលោកមិនត្រូវបានដោះស្រាយ ហើយជីវិតរាប់លាននាក់ត្រូវប្រឈមនឹងគ្រោះ មហន្តរាយ។ ពិភពលោកសព្វថ្ងៃនេះកំពុងប្រឈមមុខនឹងការពិតដ៏អាក្រក់គឺ “អំណាចក្លាយជាសិទ្ធិ និង “អ្នកខ្លាំងអាចធ្វើអ្វីតាមដែលគេចង់ ខណៈដែលអ្នកខ្សោយត្រូវទទួលរងនូវអ្វីដែលពួកគេត្រូវតែទទួលរង”។ ការពឹងអាស្រ័យគ្នាទៅវិញទៅមកលែងជាគ្រឹះនៃសន្តិភាពទៀតហើយ តែគឺជាឧបករណ៍សម្រាប់ធ្វើការគំរាម កំហែង និងបង្ខិតបង្ខំ។

ឯកឧត្តក៏បានសង្កត់ធ្ងន់ផងដែរថា ប្រសិនបើយើងពិតជាមានជំនឿថា “យើងប្រសើរជាងមុនក្នុងការរួមគ្នា នោះយើងត្រូវតែពង្រឹង ឡើងវិញនូវទំនុកចិត្តចំពោះស្ថាប័នពហុភាគី ត្រូវវិនិយោគលើកិច្ចការទូតផ្តោតសំដៅការពារទប់ស្កាត់ និង ធានាឱ្យអង្គការសហប្រជាជាតិមានសមត្ថភាពទាំងផ្នែកនយោបាយ និងហិរញ្ញវត្ថុ ដើម្បីឆ្លើយតបឱ្យបានយ៉ាង ម៉ឺងម៉ាត់ចំពោះបញ្ហាប្រឈមទាំងចាស់ និងថ្មី៕