ញត្តិសុំលើកលែងទោសលើកទី២ របស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានបញ្ជូនត្រឡប់មកក្រសួងយុត្តិធម៌វិញ


នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម ឧត្តមសនីយ៍ឯក Rutthaphol Naowarat រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងបង្ហាញថា ញត្តិសុំលើកលែងទោសលើកទី២ របស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានបញ្ជូនត្រឡប់មកក្រសួងយុត្តិធម៌វិញ ដើម្បីអោយរដ្ឋមន្ត្រីថ្មីពិនិត្យ និងផ្តល់យោបល់ មុននឹងផ្ញើបន្តទៅលេខាធិការដ្ឋានខុទ្ទកាល័យ (CS)។

ឧត្តមសនីយ៍ឯក Rutthaphol Naowarat បានបញ្ជាក់ថា លោកបានចាត់ឱ្យរដ្ឋលេខាធិការ​អចិន្ត្រៃយ៍ ពុងសាវ៉ាត នីឡាយ៉ូធិន បង្កើតគណៈកម្មការពិសេសមួយ ដើម្បីពិនិត្យផ្នែកច្បាប់ និងចងក្រងសំណុំរឿង។ លោករំពឹងថា របាយការណ៍នឹងរួចរាល់នៅថ្ងៃទី ៣ ឬ ៦ តុលា មុននឹងបញ្ជូនទៅ CS។

ខណៈនេះក្រសួងយុត្តិធម៌ក្រោមការដឹកនាំរបស់ ឯកឧត្តម ឧត្តមសនីយ៍ឯក Rutthaphol Naowarat ក៏បានដាក់ចេញគោលនយោបាយចំនួន ៦ ដើម្បីអនុវត្តប្រតិបត្តិការ ដោយផ្តោតលើការប្រយុទ្ធប្រឆាំងការលេងល្បែងអនឡាញ ការបោកប្រាស់ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងគម្រោងសកម្មភាពសម្រាប់សាធារណៈជន។

ចំពោះ ករណី Khao Kradong ដែលជាវិវាទរវាងរដ្ឋាភិបាលតាមរយៈរដ្ឋបាល (SRT) និងភាគីឯកជន នៃរដ្ឋមន្ត្រីបានបញ្ជាក់ថា តុលាការនឹងក្លាយជាស្ថាប័នសម្រេចចុងក្រោយ ហើយ DSI ដែលជា (នាយកដ្ឋានស៊ើបអង្កេតពិសេស) ត្រូវដើរតាមនីតិវិធីស្ដង់ដារ។ លោកក៏បញ្ជាក់ថា លោកមិនបានជ្រៀតជ្រែកទេ ព្រោះករណីនេះជារឿងតុលាការ ហើយរូបលោកទើបតែចូលកាន់តំណែងបានពីរបីថ្ងៃប៉ុណ្ណោះ។

សម្រាប់ ករណី “ឃុបឃិតគ្នា” របស់ព្រឹទ្ធសភា រដ្ឋមន្ត្រីបានថ្លែងថា បច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់គណៈកម្មការបោះឆ្នោត (EC) ហើយមានជំហានច្បាស់លាស់ជាច្រើន មុននឹងបញ្ជូនទៅតុលាការកំពូល។ ដូច្នេះ ក្រសួងយុត្តិធម៌មិនអាចចូលជ្រៀតជ្រែក ឬផ្តល់យោបល់មុនពេលមានជំហានផ្លូវការបានឡើយ។

ដោយឡែកឯកឧត្តម ឧត្តមសនីយ៍ឯក Rutthaphol Naowarat ក៏បានបន្ថែមថា ការងាររបស់ក្រសួងមិនមានត្រឹមតែពាក់ព័ន្ធនឹងករណីទាំងពីរនេះទេ ប៉ុន្តែមានភារកិច្ចជាច្រើនសម្រាប់សាធារណៈជនទូទាំងប្រទេស ដោយលោកបានសង្កត់ធ្ងន់ថា សកម្មភាពនាពេលអនាគតនឹងបង្ហាញឲ្យឃើញច្បាស់ ចំពោះការសង្ស័យផ្សេងៗ ឬតាមរយៈការសួរចម្លើយពីសាធារណជន។

ប្រភព៖ khaosod