ប្រធានាធិបតី Donald Trump បានអះអាងថា ការប្រើប្រាស់ថ្នាំ Tylenol អំឡុងពេលមានផ្ទៃពោះអាចបង្កឱ្យមានជំងឺអូទីសឹ្សម បើទោះបីជាមានភស្តុតាងជាច្រើនទស្សវត្សរ៍បញ្ជាក់ថា ថ្នាំនេះមានសុវត្ថិភាពក៏ដោយ
នាថ្ងៃចន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបានអះអាងថា ការប្រើប្រាស់ថ្នាំ Tylenol (Acetaminophen)សម្រាប់ស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះអាចបង្កឱ្យមាន “ការកើនឡើងហានិភ័យនៃជំងឺអូទីសឹម” ព្រមទាំងណែនាំឱ្យរដ្ឋបាលចំណីអាហារ និងឱសថនៃសហរដ្ឋអាមេរិក (FDA) ចេញសេចក្តីប្រកាសថ្មីពាក់ព័ន្ធលើការជំរុញឱ្យស្ត្រីដាក់កម្រិតលើការប្រើប្រាស់ថ្នាំប្រភេទនេះ លុះត្រាតែក្នុងករណីចាំបាច់ផ្នែកវេជ្ជសាស្ត្រ។

បន្ទាប់ពីការលើកឡើងបែបនេះ អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដបានរុញច្រានមកវិញ ដោយសង្កត់ធ្ងន់ថា ការស្រាវជ្រាវជាច្រើនទស្សវត្សរ៍បានរកឃើញថា ទីលេណុល អាសេតាមីណូហ្វេន (Tylenol Acetaminophen) ជាថ្នាំបំបាត់ការឈឺចាប់ និងគ្រុនក្តៅដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នកមានផ្ទៃពោះ ហើយក្នុងករណីមិនព្យាបាលជំងឺគ្រុនក្តៅក្នុងពេលមានផ្ទៃពោះ អាចមានគ្រោះថ្នាក់ជាងការប្រើថ្នាំ Tylenol ក្នុងនោះអាចនឹងបង្កើនហានិភ័យនៃការរលូតកូន ពិការភាពពីកំណើត និងជំងឺលើសឈាម។

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានលើកឡើងថា ពួកគេនឹងធ្វើបច្ចុប្បន្នភាពលើស្លាកសុវត្ថិភាព Acetaminophen ប៉ុន្តែបានសង្កត់ធ្ងន់ថា ការស្រាវជ្រាវបង្ហាញតែសមាគមមួយប៉ុណ្ណោះ មិនមែនជាភស្តុតាងរួមដែលថា Tylenol បង្កឱ្យមានជំងឺអូទីសឹមនោះទេ។ ខណៈនោះដែរ លោក Kenvue ម្ចាស់ក្រុមហ៊ុនផលិតថ្នាំ Tylenol បានច្រានចោលការទាមទារនេះ ហើយលើកឡើងថា ការរឹតបន្តឹងនេះអាចនាំឱ្យស្ត្រីមានផ្ទៃពោះទៅរកជម្រើសថ្នាំផ្សេងៗទាំងមានការប្រថុយប្រថាន។
យ៉ាងណាមិញ ការសិក្សានៅតែបន្តច្របូលច្របល់គ្នា ដូចជាការសិក្សារបស់ស៊ុយអែតឆ្នាំ២០២៤ បានរកឃើញថាមិនមានទំនាក់ទំនងរវាងអាសេតាមីណូហ្វេន និងជំងឺអូទីសឹមទេ។ ក្រុមវេជ្ជសាស្ត្រ រួមទាំងមហាវិទ្យាល័យសម្ភព និងរោគស្ត្រីអាមេរិក បានថ្កោលទោសការអត្ថាធិប្បាយរបស់លោក Trump ថាជា “គ្រោះថ្នាក់” និងការច្របូកច្របល់។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះអត្រាជំងឺ Autism នៅសហរដ្ឋអាមេរិកឥឡូវនេះប៉ះពាល់ដល់កុមារ ១ នាក់ក្នុងចំណោម ៣១ នាក់ ទោះបីជាអ្នកជំនាញសង្កត់ធ្ងន់ថាស្ថានភាពនេះមានកត្តាហ្សែន និងបរិស្ថានស្មុគស្មាញ មិនមែនជាប្រភពតែមួយក៏ដោយ។
ប្រភព៖ CNN















