|

គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បាននាំយកសម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និងថវិកា ប្រគល់ដល់បុគ្គលិកអប់រំ និងសិស្សានុសិស្សភៀសសឹក នៅវិទ្យាល័យចុងកាល់ ខេត្តឧត្តរមានជ័យ


ខេត្តឧត្តរមានជ័យ៖ នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និង កីឡា ជួបសំណេះសំណាល សួរសុខទុក្ខជាមួយ បុគ្គលិកអប់រំ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ចុងកាល់ និងនាំយកនូវសម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ចាំបាច់នានា ក៏ដូចជាគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាការឧបត្ថម្ភផ្ទាល់ពីក្រសួង និងទទួលបានពីសប្បុរសជន ដើម្បីផ្តល់ជូនដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អង្គការ ដៃគូអភិវឌ្ឍ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ សប្បុរសជន អាជ្ញាធរមូលដ្ឋាន នាយក នាយិកា វិទ្យាល័យទាំង៨ ក្នុងខេត្តឧត្តមានជ័យ លោកគ្រូ អ្នកគ្រូ សហគមន៍ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សជាច្រើនរូប។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងអប់រំមានផែនការជួសជុល និងកសាងអគារសាលារៀនដែលខូចខាតឡើងវិញ ដើម្បីឱ្យសិស្សានុសិស្សអាចសិក្សារៀនសូត្រក្នុងបរិយាកាសល្អប្រសើរ ហើយក្រសួងក៏មានផែនកបើផ្តល់អាទិភាពអភិវឌ្ឍនៅតំបន់ជាយដែននេះផងដែរ។

ដោយឡែក សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួងសម្រេចថានឹងរៀបចំនៅទីរួមស្រុកពួក ខេត្តសៀមរាប ដូច្នេះសូមមន្ទីរយកចិត្តទុកដាក់ និងសហការណ៍ ជាមួយមន្ទីរខេត្តសៀមរាប និងត្រៀមរៀបចំកន្លែងស្នាក់នៅ និងកន្លែងប្រឡង ហើយចំពោះសិស្សដែលកំពុងភៀសខ្លួនទៅខេត្តផ្សេង ក្រសួងអនុញ្ញាតិឱ្យប្រឡងនៅទីតាំងនោះតែម្តង។ ទន្ទឹមនឹងនេះ ដើម្បីជាការទទួលស្គាល់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិកអប់រំទាំងអស់ក្នុង ខេត្តឧត្តរមានជ័យ ក្រសួងបានស្នើសុំពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នូវមេដាយមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ប្រគល់ជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ តំណាងឱ្យលោកគ្រូអ្នកគ្រូ និងមន្ត្រីអប់រំខេត្តឧត្តរមានជ័យ ដែលបានយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ចប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ក្នុងបុព្វហេតុអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកក្នុងការជួយគាំទ្រខេត្តឧត្តរមានជ័យ ជាពិសេសបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរខេត្ត សប្បុរសជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងធនធាន ចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស ក៏ដូចជាការផ្តល់ជំនួយមនុស្សធម៌ផ្សេងៗ នៅក្នុងគ្រាលំបាកនេះ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខនេះ ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ដោយក្រសួងនឹងបន្តយកចិត្តទុកដាក់គាំទ្រដល់ក្មួយៗឱ្យបានពេញលេញ ដើម្បីធានាថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងយុត្តិធម៌។