ឯកឧត្តមបណ្ឌិត សោម រតនា៖ ការបន្តកែប្រែវិធីសាស្រ្តបង្រៀន កម្មវិធីសិក្សា ក៏ដូចជាយន្តការវាយតម្លៃ ជារឿងត្រឹមត្រូវ ប៉ុន្តែតោងឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅនឹងបរិស្ថានសិក្សា និងតម្រូវការទីផ្សារជាក់ស្តែង
នាទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជានាយករងគម្រោងកែលម្អរការអប់រំឧត្តមសិក្សា ((HEIP) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ដើម្បីពិនិត្យឡើងវិញ ក្របខណ្ឌកម្មវិធីសិក្សាបរិញ្ញាបត្រ LUP/TUP ដែលមាន ស្រាប់ ទៅជាទម្រង់ការសិក្សាផ្អែកលើសមិទ្ធកម្ម (Outcome-Based Education—OBE) ដែលរៀបចំដោយមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អញ្ជើញចូលរួមនាឱកាសនោះ រួមមានឯកឧត្តម ម៉ក់ ង៉យ អគ្គនាយក នៃអគ្គនាយកដ្ឋានឧត្តមសិក្សា លោកអគ្គនាយករង លោក លោកស្រីជាថ្នាក់ដឹកនាំសាកលវិទ្យាល័យ មហាវិទ្យាល័យ និងអង្គភាពពាក់ព័ន្ធក្រោមឱវាទ។



ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានកោតសរសើរដល់ថ្នាក់ដឹកនាំមហាវិទ្យាល័យ ដែលបានប្រឹងប្រែងអនុវត្តភារកិច្ចក្នុងភាពបុរេសកម្ម ទៅនឹងបរិការណ៏នៃការវិវឌ្ឍថ្មីៗនៃវិធីសាស្រ្តអប់រំ។


ឯកឧត្តមបានគូសបញ្ជាក់ថា ការបន្តកែប្រែវិធីសាស្រ្តបង្រៀន កម្មវិធីសិក្សា ក៏ដូចជាយន្តការវាយតម្លៃ ជារឿងត្រឹមត្រូវ ប៉ុន្តែតោងមានការយកចិត្តទុកដាក់ខ្ពស់ទៅនឹងភាពជាក់ស្តែង នៃបរិស្ថានសិក្សារបស់និស្សិត និងតម្រូវការទីផ្សារដែលមានជាក់ស្តែង។ “ការចាប់យកទម្រង់នៃការសិក្សាផ្អែកលើសមិទ្ធិកម្មជារឿងត្រឹមត្រូវបំផុត ក៏ប៉ុន្តែក៏មិនមែនមានន័យថា វិធីសាស្រ្តពីមុនលែងមានភាពពាក់ព័ន្ធទាំងស្រុងឡើយ”។

