|

ឯកឧត្តមបណ្ឌិត សោម រតនា៖ ក្រសួងអប់រំ បាននឹងកំពុងបោះទុនវិនិយោគយ៉ាងច្រើនលើការអភិវឌ្ឍមូលធនមនុស្ស និងបច្ចេកវិទ្យា ប៉ុន្តែការគាំទ្រពីភាគីជាមិត្ត និងបណ្តាភាគីពាក់ព័ន្ធ នៅតែមានភាពសំខាន់ខ្វះមិនបាន


ល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពីធីប្រកាសគាំទ្រគម្រោងបង្កើតវគ្គសិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មាន (coding) ដែលរៀបចំឡើងដោយស្ថានទូតអ៉ីស្រាអែល និងសភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែល ប្រចាំកម្ពុជា។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៉ីស្រាអែល ប្រចាំប្រទេសកម្ពុជា បានបង្ហាញនូវក្តីសោមនស្សចំពោះគំនិតផ្តួចផ្តើមក្នុងការគាំទ្រដល់កុមារកម្ពុជា និងបង្ហាញនូវការគាំទ្ររបស់លោកជំទាវចំពោះគម្រោងបង្កើតវគ្គសិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មាន (coding class) ដល់យុវជនកម្ពុជានាពេលនេះ។ ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត សោម រតនា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលប្រទេសអ៉ីស្រាអែល តាមរយៈសភាពាណិជ្ជកម្មប្រទេសទាំងពីរ ចំពោះគំនិតផ្តួចផ្តើមដ៏មានតម្លៃនេះ។

ឯកឧត្តមបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃភាពជាដៃគូ ក្នុងការគាំទ្រដល់ការអភិវឌ្ឍមូលធនមនុស្ស និងបច្ចេកវិទ្យានៅកម្ពុជា ដែលជាបាវចនា ២ សំខាន់ៗ ចែងក្នុងយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី ០៧។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាប្រតិបត្តិករ បាននឹងកំពុងបោះទុនវិនិយោគយ៉ាងច្រើនលើការអភិវឌ្ឍមូលធនមនុស្ស និងបច្ចេកវិទ្យា ប៉ុន្តែការចូលរួមគាំទ្រពីភាគីជាមិត្ត និងបណ្តាភាគីពាក់ព័ន្ធ នៅតែមានភាពសំខាន់ខ្វះមិនបាន ជាពិសេសលើការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។

សូមបញ្ជាក់ថា ពិធីល្ងាចនោះ ក៏មានការតាំងពិព័រណ៍ និងលក់ស្នាដៃគំនូររបស់ប្អូនៗកុមារ មកពីសាលា Tiny Toones ដែលពិធីនេះ មានគោលដៅលើកទឹកចិត្តដល់ប្អូនៗកុមារ ដែលជាវិចិត្រករវ័យក្មេង និងក៏ជាឱកាសប្រមូលថវិកាដើម្បីឧបត្ថម្ភគាំទ្រដល់ដំណើរការរបស់សាលាផងដែរ។