ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញក្តីស្រលាញ់ និងការយកចិត្តទុកដាក់ដល់កូនៗនៅផ្ទះបាយកុមារសម្រាប់ថ្ងៃបុណ្យណូអែល
នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញរៀបចំកម្មវិធីសប្បាយៗ ផ្ដល់ជូននូវក្ដីស្រលាញ់ និងកាដូសម្រាប់ថ្ងៃបុណ្យណូអ៊ែល ដល់កូនៗនៅអង្គការផ្ទះបាយកុមារ។
មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណដល់ លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ ដែលបានធ្វើជាគម្រូក្នុងការបណ្តុះស្មារតី ឆន្ទៈ និងការលះបង់ជូនសង្គមជាតិ តាមរយៈបេសកកម្មរបស់ផ្ទះបាយកុមារព្រមទាំងបានថ្លែងអំណរគុណដល់សប្បុរជននានា ដែលតែងតែជួយគាំទ្រ និង បន្តនិរន្តរភាពដល់អង្គការផ្ទះបាយកុមារ ។ ជាមួយគ្នានោះ ក្នុងនាមជាប៉ា ឯកឧត្តមបានជូនពរ និងលើកទឹកចិត្តកូនៗគ្រប់រូបឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ធ្វើអំពើល្អ និងដើរតាមគន្លងធម៌ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សីនាពេលអនាគត។
សូមជម្រាបជូនថា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា និងសប្បុរសជននានា តែងរៀបចំកម្មវិធីនេះជាមួយប្អូនៗដែលទទួលការថែទាំរបស់អង្គការផ្ទះបាយកុមារ ជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ក្តីស្រលាញ់ និងការយកចិត្តទុកដាក់ដល់កុមារដែលមានជីវភាពលំបាក និងខ្វះខាតឱ្យពួកគេបានទទួលភាពសប្បាយរីករាយក្នុងកុមារភាពរបស់ខ្លួន។