សម្ដេចតេជោ ហ៊ុន សែន៖ មិត្តចិនមិនត្រឹមតែបានផ្ដល់នូវការគាំទ្រ និងជំនួយដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប៉ុណ្ណោះនោះទេ បុន្តែ បានគាំទ្រដល់ឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ
មានប្រសាសន៍នៅក្នុងជំនួបជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់សាជាថ្មីនូវការប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយរបស់កម្ពុជាហើយ កម្ពុជានៅតែជាមិត្តរបស់ចិនគ្រប់កាលៈទេសៈ។
សម្ដេចបានលើកឡើងថា មិត្តចិនបានផ្ដល់នូវការគាំទ្រ និងជំនួយ មិនត្រឹមតែដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប៉ុណ្ណោះនោះទេ ក៏បុន្តែ ក៏បានគាំទ្រដល់ឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានអបអរសាទរដល់ខួបទី៧៥ឆ្នាំនៃការបង្កើតសភាប្រឹក្សានយោបាយប្រជាជនចិន និងកោតសរសើរចំពោះសមិទ្ធផលដែលមិត្តចិនសម្រេចបាននាពេលកន្លងមក។ សម្ដេចតេជោមានក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងសភាប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភាកម្ពុជា នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។
ជាកិច្ចឆ្លើយតប ឯកឧត្តម Wang Huning បានកោតសរសើរសម្តេចតេជោដែលបានរួមវិភាគទានយ៉ាងច្រើនលើសលុបដល់ការអភិវឌ្ឍនូវទំនាក់ទំនងកម្ពុជា-ចិន។ ឯកឧត្តម លើកឡើងថា សម្តេចតេជោ ជាមិត្តល្អរបស់ប្រទេសចិន និងប្រជាជនចិន។ ឯកឧត្តម បានកោតសរសើរចំពោះការបន្តវេននៃថ្នាក់ដឹកនាំជំនាន់ក្រោយរបស់កម្ពុជាដែលបានដើរតាមមាគ៌ារបស់សម្ដេចតេជោ ហើយ បញ្ជាក់ថា ចិន បន្តគាំទ្រនូវគោលនយោបាយរបស់កម្ពុជាជាបន្តទៀតផងដែរ។ ឯកឧត្តម បានសន្យាថាប្រទេសចិននឹងផ្សព្វផ្សាយពីប្រពៃណីដ៏ល្អរបស់កម្ពុជា និងជំរុញទេសចរចិនមកកម្ពុជាបន្ថែមទៀត។
ឯកឧត្តម Wang Huning ក៏បានលើកឡើងផងដែរអំពីគំនិតបន្ស៊ីគ្នានៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវរបស់ចិន និងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ដើម្បីពន្លឿនការសម្រេចរចនាសម្ព័ន្ធសំខាន់ៗ រួមមានច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ និងការអភិវឌ្ឍកសិកម្មទំនើបជាដើម និង ការកសាងច្រករបៀងគម្រូថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះផងដែរ សម្ដេចតេជោ និងឯកឧត្តមប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក៏បានពិភាក្សាគ្នាផងដែរអំពីស្ថានការណ៍តំបន់ និងអន្តរជាតិដែលកំពុងមានភាពស្មុគស្មាញ និងប្រែប្រួលយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ៕
ប្រភព៖ SHS