|

សាលាដំបូងរាជធានីភ្នំពេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ចំនួន ៤ នាក់ និងរបួសអ្នកដទៃ នៅចំណុចស្ពានឬស្សីកែវ


កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ តុលាការបានសម្រេចផ្ទន្ទាទោសជនជាប់ចោទឈ្មោះ នាង សំអូន ដាក់ពន្ធនាគារកំណត់រយៈពេល ០៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន)រៀល ពីបទ “បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ” ប្រព្រឹត្តនៅចំណុចស្ពានឬស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានឬស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា៨៣ កថាខណ្ឌទី២ ចំណុចខ ចំណុចគ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុចខ ចំណុចគ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

គួរបញ្ជាក់ផងដែរថា ទោះបីជាដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់បានទទួលសំណង និងដកពាក្យបណ្តឹងរួចហើយក៏ដោយ ក៏ចៅក្រមជំនុំជម្រះបានប្រកាសដាក់ទោសពន្ធនាគារក្នុងកម្រិតអតិបរមានៃទោសដែលច្បាប់បានកំណត់។ បន្ថែមពីនេះ តុលាការក៏បានប្រកាសទោសបន្ថែមលើជនជាប់ចោទ ដោយហាមឃាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទរយៈពេល ៥ឆ្នាំ បន្ទាប់ពីបានអនុវត្តទោសចប់ក្នុងពន្ធនាគារ។

ប្រភព៖ ក្រសួងយុត្តិធម៌
រូបភាព៖ មន្ទីរព័ត៌មានរាជធានីភ្នំពេញ